យោងតាមលទ្ធផលការស្រាវជ្រាវចុងក្រោយនៅប្រទេសហូឡង់ បង្ហាញថា ការប្រើប្រាស់សម្ភារៈផ្ទះបាយមួយចំនួនដែលផលិតពីផ្លាស្ទិកពណ៌ខ្មៅ និងស្រោបដោយសារធាតុធន់នឹងកំដៅភ្លើង នឹងបណ្តាលឱ្យអ្នកប្រើប្រាស់កើតជំងឺមហារីក, ប៉ះពាល់ដល់កម្រិតអូរម៉ូនក្នុងរាងកាយ ព្រមទាំងមានផលប៉ះពាល់ជាច្រើនទៀត ។.png)
ការស្រាវជ្រាវថ្មីនេះធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវ Toxic-Free Futures និងវិទ្យាស្ថានជីវិត និងបរិស្ថាននៃសាកលវិទ្យាល័យនៅទីក្រុង Amsterdam ប្រទេសហូឡង់ ។ ក្រុមអ្នកស្រាវជ្រាវបានសាកល្បងសម្ភារៈផ្ទះបាយ ចំនួន២០៣ប្រភេទ ដែលផលិតពីផ្លាស្ទិកពណ៌ខ្មៅ ហើយលទ្ធផលបង្ហាញថា ៨៥% របស់ផសម្ភារទាំងនេះ គឺមានផ្ទុកសារធាតុការពារកំដៅភ្លើងកម្រិតខ្ពស់ ។.png)
ការស្រាវជ្រាវបានផ្សព្វផ្សាយជាសាធារណៈក្នុងទស្សនាវដ្តីថា សារធាតុធន់នឹងកំដៅភ្លើង (ឬ Retardant) មានលក្ខណៈដូចគ្នានឹងសារធាតុដែលប្រើប្រាស់ក្នុងឧបករណ៍អេឡិចត្រូនិកផ្សេងៗដែរ ដូចជា ៖ ទូរស័ព្ទដៃ និងកុំព្យូទ័រ ។ សារធាតុនេះមានតែនៅក្នុងសម្ភារៈផ្លាស្ទិកពណ៌ខ្មៅប៉ុណ្ណោះ ហើយសម្ភារៈផ្លាស្ទិកពណ៌ផ្សេង គ្មានសារធាតុនេះទេ ។
អ្នកស្រី លី នាយកគ្រប់គ្រងផ្នែកវិទ្យាសាស្ត្រ និងគោលនយោបាយ ហើយបានចូលរួមការស្រាវជ្រាវនិយាយថា ពុំគួរប្រើប្រាស់សម្ភារៈផ្ទះបាយផ្ទុកសារធាតុគីមីបង្កជំងឺមហារីកទេ ពីព្រោះវានឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ ។ ក្រោយការត្រួតពិនិត្យរកឃើញថា សម្ភារៈផ្ទះបាយដែលផលិតពីផ្លាស្ទិកពណ៌ខ្មៅ បានផ្ទុកសារធាតុ Retardant ច្រើនគួរឱ្យបារម្ភ ជាពិសេស វាប៉ះពាល់ខ្លាំងដល់កុមារ និងស្ត្រីវ័យបន្តពូជ ។
សារធាតុ Retardant នឹងបង្កផលប៉ះពាល់សុខភាព ដូចជា ៖ កើតជំងឺមហារីក, មានជាតិពុលក្នុងប្រព័ន្ធប្រសាទ និងការបន្តពូជ ព្រមទាំងប៉ះពាល់ដល់ទារកក្នុងផ្ទៃ ។ ដូច្នេះ គួរតែបោះចោលសម្ភារៈផ្លាស្ទិកពណ៌ខ្មៅក្នុងផ្ទះបាយជាបន្ទាន់ បើវារលាយ ឬប្តូររូបរាងពេលត្រូវកំដៅ ហើយប្តូរមកប្រើប្រាស់សម្ភារៈផ្ទះបាយផលិតពីលោហៈ, ឈើ និងសេរ៉ាមិច ប៉ុន្តែត្រូវសម្អាត និងសម្លាប់មេរោគឱ្យបានញឹកញាប់ ៕










