ប្រាសាទដំរី គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទជាងមួយរយ ដែលស្ថិតនៅក្នុងបរិវេណតំបន់រាជធានីបុរាណកោះកេរ្តិ៍។ ប្រាសាទនេះមានក្បាច់ចម្លាក់ដ៏ល្អវិចិត្រ គឺជាប្រាសាទរាងពីរ៉ាមីតដ៏កម្រមួយរបស់ខ្មែរ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សទី១០ ឧទ្ទិសថ្វាយដល់ព្រាហ្មណ៍សាសនា មានរចនាបតាមប្រាសាទកោះកេរ។ បច្ចុប្បន្នប្រាសាទដ៏ល្អឯកនេះមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ប្រសិនបើលោកអ្នកបានទៅដល់ខេត្តព្រះវិហារហើយសូមកុំរំលងប្រាសាទដំរីឱ្យសោះ ព្រោះនៅទីនេះមានក្បាច់ចម្លាក់ស្រស់ស្អាត និងលេចធ្លោមិនចាញ់ប្រាសាទបុរាណដទៃទៀតឡើយ។ ប្រាសាទព្រះដំរី សាងឡើងអំពីថ្មបាយក្រៀមតម្រៀបជាថ្នាក់ៗចេញជារាងសាជីជ្រុង ឬរាងពីរ៉ាមីតដ៏ល្អឥតខ្ចោះ ដែលមានបាតខាងក្រោមជារាងបួនជ្រុងស្មើប្រវែងប្រមាណ ៣០ ម៉ែត្រ ដោយតម្រៀបជាថ្នាក់តូចៗទៅលើប្រមាណ ១០ ថ្នាក់ ដោយថ្នាក់ខាងលើមានប្រវែងប្រមាណ ១៥ ម៉ែត្រ និងមានកម្ពស់សរុប ៦ ទៅ ៧ ម៉ែត្រ។ 
នៅជុំវិញប្រាសាទហ៊ុមព័ទ្ធដោយកំពែងធ្វើអំពីថ្មបាយក្រៀម ដែលមានទ្វារចូលនៅទិសពាយព្យធ្វើអំពីថ្មភក់ មានបង្កាន់ដៃនាគនិងគ្រុឌ ហើយមានទ្វារបញ្ឆោតធ្វើអំពីថ្មភក់នៅ ៣ ទិសផ្សេងទៀត។ ទោះជាយ៉ាងណារូបចម្លាក់ដំរី ដែលនៅព័ទ្ធជុំវិញប្រាសាទត្រូវបានបែកបាក់ និងធ្លាក់មកខាងក្រោម ដោយមានតែរូបចម្លាក់មួយប៉ុណ្ណោះដែលបានរក្សារូបរាងល្អជាងគេ ហើយរូបចម្លាក់សត្វដំរីនេះក៏ត្រូវបានគេប្រើប្រាស់នៅលើក្រដាសប្រាក់ ៥០,០០០ ៛ នាពេលបច្ចុប្បន្ននេះផងដែរ។
ប្រាសាទដំរីមានលក្ខណៈសំបូរទៅដោយសិល្បៈខ្មែរ ដែលមានរូបសំណាកដំរី និងការសណ្តាងតុបតែងអាចរកឃើញនៅលើសំណង់ប្រាសាទ។ ប្រាសាទនេះជាផ្នែកមួយនៃសំណង់ធំធេងដែលព្រះបាទជ័យវរ្ម័នទី៤ បញ្ជាសង់ក្នុងគោលបំណងសាសនា និងរដ្ឋបាល បង្ហាញអំពីការចងសម្ព័ន្ធរវាងសាសនាភូមិ និងអំណាច៕










