ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីអនុវត្ត “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” ដែលជាការប្រកួតប្រជែងរយៈពេល ៧ ខែសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យចំនួន ៦៨ ក្នុងរាជធានីភ្នំពេញ។

កម្មវិធីនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រសួងដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែបៃតងដោយអប់រំសិស្សានុសិស្សអំពីការគ្រប់គ្រង និងកែច្នៃសំរាមឡើងវិញ។ កម្មវិធីនេះដែលនឹងចាប់ដំណើរការពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ នឹងត្រូវបានដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTUKvKSPSKm6n4C1e7QfA8Q_tuCHfR5KsxoPrvCDuYElrsnFzSjcyM4hHlqEKuK7JUhHERIMVOrIZXfjA2MdduTn4dFZz7KSbhdzhwsCVFEnqWdKnIaWg7i-Ts7G7YGlTFZnQlatWuvS7I5VernGAwwe-yACAhFw_wCdO5J9YDmHTk9MTFpVgpJwV2y75Z/s1400/1%20(6).jpgណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីអនុវត្តកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ។

តាងនាមឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសូងអប់រំ យុវជន និងកីឡា លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “យើងស្វាគមន៍កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងដែលផ្តួចផ្តើមឡើងដោយ ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមសិស្សានុសិស្សដើម្បីនិរន្តរភាព។ ដោយបញ្ចូលការអនុវត្តកាត់បន្ថយ និងការកែច្នៃសំរាមឡើងវិញទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងការផ្សព្វផ្សាយយ៉ាងសកម្ម យើងនឹងអាចធ្វើឱ្យក្មេងៗជំនាន់ក្រោយផ្តល់តម្លៃ និងជួយការពារបរិស្ថាន។ ទាំងអស់គ្នា យើងអាចធ្វើឱ្យប្រទេសកម្ពុជារបស់យើងកាន់តែបៃតង និងអនាគតប្រកបដោយនិរន្តរភាព”។

កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង មានធាតុផ្សំចំនួនពីរ គឺការសម្អាតនៅតាមសាលារៀន និងការប្រមូលកាកសំណល់ប្លាស្ទិក។ ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងរៀបចំសិក្ខាសាលា និងការវាយតម្លៃរៀងរាល់ខែខណៈដៃគូកែច្នៃកាកសំណល់ គឺក្រុមហ៊ុន Gomi Recycle នឹងគ្រប់គ្រងទៅលើការប្រមូលកាកសំណល់ប្លាស្ទិក។ នៅចុងបញ្ចប់នៃកម្មវិធីនេះ សាលារៀន ៣ ដែលស្អាតជាងគេ និងសាលារៀនចំនួន ១ ដែលប្រមូលកាកសំណល់ប្លាស្ទិកបានច្រើនជាងគេ នឹងទទួលបានរង្វាន់ពិសេសសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjJItLBqoG9DXRPchffy4pQfQ-32ijGOmGzQmaUWGCtt9mdGIGWYeqwmeSKGpUHT55GpdnnnKVxJdK-7f2_khzHsk2rrO7Q2NEMjzM7ZAlSERm_UsUjjJ1qq-L8hOixls6JGuHsYJ0Q24czTNZupUTA5CChzYz90tvM8tGUE27Rcwjl93xWaLNwkULIMCO/s3000/2%20(7).jpg

ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងដឹកនាំកម្មវិធីនេះដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងដោយអប់រំសិស្សានុសិស្សអំពីការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ។

មានមតិទៅលើកម្មវិធីនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ មិនត្រឹមតែជួយគាំទ្រដល់ទស្សនវិស័យសម្រាប់អនាគតកាន់តែស្រស់បំព្រង និងបៃតងប៉ុណ្ណោះទេប៉ុន្តែវាបង្កើតបរិស្ថានល្អសម្រាប់សិស្សានុសិស្សអាចរៀនសូត្រ និងធំលូតលាស់បានល្អថែមទៀតផង។ តាមរយៈការបង្ហាត់ និងពន្យល់ណែនាំពួកគេឱ្យចេះពីរបៀបការពារបរិស្ថាន កម្មវិធីនេះនឹងជួយធ្វើឱ្យពួកគេមានទម្លាប់ល្អពេញមួយជីវិត និងកាត់បន្ថយមេរោគ និងជំងឺដែលធ្វើឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមានសុខភាពកាន់តែល្អ”។

ក្រុមហ៊ុន Gomi Recycle នឹងឧបត្ថម្ភគ្រឿងសង្ហារិម ឬផលិតផលផលិតចេញកាកសំណល់ប្លាស្ទិកដែល ប្រមូលបានពីសាលារៀននៅពេលសាលារៀននោះអាចប្រមូលកាកសំណល់ប្លាស្ទិកតាមចំនួនកំណត់ ឬលើសពីចំនួនដែលបានកំណត់។ នេះអនុញ្ញាតឱ្យសិស្សានុសិស្សឃើញលទ្ធផលជាក់ស្តែងដែលកើតចេញពីការខិតខំកែច្នៃកាកសំណល់របស់ពួកគេ និងដឹងថាកាកសំណល់ក៏អាចត្រូវបានកែច្នៃទៅជាធនធានមានតម្លៃផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw5OKz1OL9nwM6hMQyYGdx-dlVkmVfj_N_pmjQ3pN6po8BUBS0KH7jPDqaK4iFKwTnxPh4g-BayebzSf1Mf2rv7th2XsSDfsmOGX6dYNS4S9Vxp_T6Bme_DlwJcZ2NZCP0nEu0QZMgnzdtwbDnCOlUrYbhQslVB07_vhP5Dp6RpfOY8i_MBxQb7zUxA44Z/s3000/3%20(4).jpg

នៅចុងបញ្ចប់នៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង សាលារៀន ៣ ដែលស្អាតជាងគេ និងសាលារៀនចំនួន ១ ដែលប្រមូលកាកសំណល់ប្លាស្ទិកបានច្រើនជាងគេ នឹងទទួលបានរង្វាន់ពិសេសសម្រាប់កិច្ចខិតខំប្រឹង​ប្រែងរបស់ពួកគេ។

លោក Yusuke Okumara ស្ថាបនិកក្រុមហ៊ុន Gomi Recycle បានឱ្យដឹងផងដែរថា “ក្រុមហ៊ុន Gomi Recycle ប្តេជ្ញាកាត់បន្ថយកាកសំណល់ និងលើកកម្ពស់និរន្តរភាពក្នុងប្រទេសកម្ពុជាតាមរយៈកិច្ចខិតខំកែច្នៃឡើងវិញប្រកបដោយភាពនវានុវត្តន៍។ កាកសំណល់ គឺជាលទ្ធផលនៃជម្រើសរបស់យើង។ ជម្រើសដែលយើងធ្វើនៅថ្ងៃនេះ នឹងកំណត់អំពីអនាគតរបស់ភពផែនដីរបស់យើង។ តាមរយៈការសហការជាមួយណាហ្គាវើលដ៍ យើងសង្ឃឹមថានឹងអាចលើកទឹកចិត្តឱ្យក្មេងៗជំនាន់ក្រោយធ្វើការជ្រើសរើសប្រកបដោយមនសិការ និងអនុវត្តត្រឹមត្រូវដើម្បីភាពស្រស់បំព្រងនៅថ្ងៃស្អែក”។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាណែនាំអំពីកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ នឹងត្រូវរៀបចំឡើងនៅក្នុងខែធ្នូនេះនៅណាហ្គាវើលដ៍ដែលមានការចូលរួមពីតំណាងអនុវិទ្យាល័យ វិទ្យាល័យ និងអ្នកតំណាងមកពីក្រសួងអប់រំ។ សិក្ខាសាលានេះ នឹងរៀបរាប់អំពីចំណុចសំខាន់ៗនៃការប្រកួតប្រជែងរួមទាំងគោលបំណង ការណែនាំ និងលក្ខខណ្ឌវាយតម្លៃដើម្បីអាចដំណើរការកម្មវិធីនេះប្រកបដោយភាពរលូន និងជោគជ័យ។