ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលថៃនឹងផ្តល់ប្រាក់ឱ្យពលរដ្ឋជួសជុលលំនៅឋានខូចខាតដោយសារទឹកជំនន់នៅភាគខាងត្បូង ដោយក្នុង១គ្រួសារទទួលបានចំនួន៤ម៉ឺនបាត (ឬស្មើ១,១៧៦ដុល្លារអាមេរិក) ។ ហេតុនេះ ពលរដ្ឋនៅខេត្តភាគខាងត្បូងពុំចាំបាច់បារម្ភឡើយ ពីព្រោះរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខពលរដ្ឋជានិច្ច ។
.png)
លោកស្រី សាស៊ីកាន វឌ្ឍនាចាន់ មន្ត្រីនាំពាក្យរងទីស្តីការនាយករដ្ឋមន្ត្រី និយាយថា រដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានជួយសង្គ្រោះ និងតាមដានស្ថានការណ៍ទឹកជំនន់នៅភាគខាងត្បូងជាបន្តបន្ទាប់ ជាពិសេស រដ្ឋាភិបាលយកចិត្តទុកដាក់លើពលរដ្ឋងាយរងគ្រោះ ដូចជា ៖ ចាស់ជរា និងជនពិការ ។ តាមរបាយការណ៍ជួយពលរដ្ឋងាយរងគ្រោះក្នុងរយៈពេល២-៣សប្តាហ៍កន្លងមក គឺរដ្ឋាភិបាលបានជួយពលរដ្ឋជាង១ម៉ឺននាក់ ដោយផ្តល់ស្បៀងអាហារ ជម្រក និងថែទាំសុខភាព ។
លោកស្រីបន្តថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបញ្ជាទៅក្រសួងអភិវឌ្ឍន៍ និងសន្តិសុខសង្គម ឱ្យត្រៀមប្រាក់សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅភាគខាងត្បូង ដូចជា ៖ ជួសជុលលំនៅឋានរបស់ជនពិការ និងចាស់ជរា ដោយក្នុង១គ្រួសារនឹងទទួលបានចំនួន៤ម៉ឺនបាត (ឬស្មើ១,១៧៦ដុល្លារអាមេរិក) ។ ក្រៅពីនេះ ស្ថាប័នពាក់ព័ន្ធត្រូវតែជួយផ្តល់កម្លាំងចិត្ត និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលរដ្ឋងាយរងគ្រោះ ។
.png)
ក្នុងអំឡុងពេលដែលពលរដ្ឋនៅខេត្តភាគខាងត្បូងជួបការលំបាកដោយសារទឹកជំនន់ រដ្ឋាភិបាលបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ជួយជ្រោមជ្រែងពលរដ្ឋគ្រប់រូប ។ បើពលរដ្ឋណាម្នាក់ពុំទទួលបានការជួយសង្គ្រោះ គឺអាចទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលគ្រប់គ្រងសុខុមាលភាព តាមរយៈលេខទូរស័ព្ទ ១៣០០ រយៈពេល២៤ម៉ោង ។ នេះបើតាមការលើកឡើងរបស់លោកស្រី សាស៊ីកាន ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ខេត្តភាគខាងត្បូងរបស់ថៃ ដូចជា ៖ ប៉ាត់តានី យ៉ាឡា ណារ៉ាធីវ៉ាត និងសុងក្លា បានលិចលង់ដោយសារទឹកហូរពីទន្លេនានា ហើយថែមទាំងមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ ទើបធ្វើឱ្យស្ថានការណ៍ទឹកជំនន់ក្នុងខេត្តទាំងនេះកាន់តែធ្ងន់ធ្ងរ ជាពិសេស ខេត្តសុងក្លា ។
អាជ្ញាធរខេត្តទាំងនេះបានបញ្ជូនកម្លាំងចុះជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅតាមតំបន់នានា ព្រមទាំងអំពាវនាវឱ្យផ្នែកឯកជនជួយផងដែរ ដោយសារតំបន់ភាគច្រើនពុំធ្លាប់លិចលង់ខ្លាំងបែបនេះទេ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ៕










