បើតាមរបាយការណ៍របស់ភ្នាក់ងារឧតុនិយមពិភពលោក ដែលបានផ្សព្វផ្សាយកាលពីខែសីហា ឆ្នាំ២០២៤ បង្ហាញថា កម្រិតទឹកមហាសមុទ្រប៉ាស៊ីហ្វិកបានកើនឡើងជាបន្តបន្ទាប់លើសពីមធ្យមភាគពិភពលោក ហើយតំបន់ភាគខាងលិចរបស់មហាសមុទ្រនេះមានកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ចាប់ពី១០សង់ទីម៉ែត្រ ទៅ១៥សង់ទីម៉ែត្រ ។

អ្វីដែលគួរឱ្យបារម្ភខ្លាំងបំផុតនោះ គឺប្រទេសកោះនានានៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងរងផលប៉ះពាល់ខ្លាំងដោយសារកម្រិតទឹកសមុទ្រកើនឡើង ដោយសារប្រទេសកោះទាំងនេះមានកម្ពស់ជាមធ្យមផុតពីទឹកសមុទ្រ ត្រឹមតែ១ម៉ែត្រ ឬ២ម៉ែត្រប៉ុណ្ណោះ ។ ហេតុនេះ ប្រទេសកោះប្រឈមនឹងការលិចទឹកបន្តិចម្តងៗនាថ្ងៃអនាគត ហើយកម្រិតទឹកសមុទ្រកើនឡើង ក៏បានប៉ះពាល់ដល់អ្នករស់នៅក្បែរឆ្នេរសមុទ្រផងដែរ ។

ក្រុមអង្គការអន្តរជាតិបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ ឬតុលាការពិភពលោក (ICJ) ផ្តល់យោបល់អំពីកាតព្វកិច្ចរបស់ប្រទេសផ្សេងៗ ដើម្បីជួយការពារការផ្លាស់ប្តូរអាកាសធាតុលើពិភពលោក ។ មន្ត្រីអង្គការអន្តរជាតិនិយាយថា តុលាការពិភពលោក គួរចាត់វិធានការតាមផ្លូវច្បាប់លើប្រទេសអភិវឌ្ឍនានា ដែលតែងតែបញ្ចេញខ្យល់ពុលយ៉ាងច្រើនលើបរិយាកាស ហើយប្រទេសទាំងនេះគួរផ្តល់ប្រាក់សំណងទៅឱ្យប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ។
.png)
វ៉ានូអាទូ គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៩៨ ដែលបានរងផលប៉ះពាល់ខ្លាំងបំផុតពីគ្រោះធម្មជាតិនៅលើពិភពលោក ហើយអង្គការអន្តរជាតិចំនួន១២ នឹងលើកឡើងអំពីបញ្ហាលំបាករបស់ប្រទេសទាំងនេះទៅកាន់តុលាការពិភពលោក (ICJ) ។ ប្រទេសវ៉ានូអាទូ (Vanuatu) មានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋវ៉ានូអាទូ» គឺជាដែនដីកោះស្ថិតនៅប៉ែកខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ។
.png)
យោងតាមរបាយការណ៍របស់ភ្នាក់ងារឧតុនិយមពិភពលោក បញ្ជាក់ថា កម្រិតទឹកសមុទ្រកើនឡើងនេះពុំអាចចៀសវាងបានឡើយ ហើយវានឹងកើនឡើងបែបនេះរយៈពេលជាច្រើនឆ្នាំទៀត ដោយសារការស្រូបយកកំដៅពីមហាសមុទ្រ និងការរលាយផ្ទាំងទឹកកកជាបន្តបន្ទាប់ ៕
Home ព័ត៌មានអន្តរជាតិ ប្រទេសដែនកោះនានាជាច្រើននៅលើពិភពលោក ប្រឈមនឹងការលិចទឹកព្រោះបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យកម្រិតទឹកមហាសមុទ្រប៉ាស៊ីហ្វិកកើនឡើងមិននឹកស្មានដល់







