បន្លែមួយប្រភេទសម្បូរនៅប្រទេសកម្ពុជា ដែលយើងងាយស្រួលរកទិញមកបរិភោគ ហើយវាថែមទាំងផ្តល់នូវសារប្រយោជន៍យ៉ាងច្រើនដល់រាងកាយ ដូចជា ៖ ជួយឱ្យស្បែកស, គ្រប់គ្រងកម្រិតស្ករក្នុងឈាម, សម្រកទម្ងន់ និងល្អសម្រាប់បេះដូង ។ នៅពេលលោកអ្នកបានជ្រាបពីសារប្រយោជន៍របស់វាហើយ គួរតែបរិភោគបន្លែនេះឱ្យបានញឹកញាប់ ។
ននោង គឺជាបន្លែមួយប្រភេទដែលពលរដ្ឋខ្មែរយើងស្គាល់យ៉ាងច្បាស់ ហើយតែងតែយកវាមកឆាជាមួយសាច់ និងស៊ុត ។ ននោងផ្តល់នូវរសជាតិផ្អែមឆ្ងាញ់ និងអាចរកទិញបាននៅគ្រប់ទីកន្លែង ហើយថែមទាំងមានប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពទៀតផង ដូចជា ៖ មានវីតាមីន, សារធាតុរ៉ែ, ប្រូតេអ៊ីន, ជាតិសរសៃ, កាបូអ៊ីដ្រាត, កាល់ស្យូម, ផូស្វ័រ, បេតាការ៉ូទីន និងវីតាមីន C ។
ខាងក្រោមនេះ គឺជាសារប្រយោជន៍របស់ផ្លែននោង ៖
១-ការពារជំងឺទឹកនោមផ្អែម ៖ ការស្រាវជ្រាវជាច្រើនបង្ហាញថា ននោងអាចជួយការពារជំងឺទឹកនោមផ្អែម ពីព្រោះសារធាតុម៉ង់ហ្គាណែសក្នុងននោងនឹងផលិតសារធាតុជួយរំលាយអាហារ ដែលមានប្រយោជន៍ដល់ដំណើរការបង្កើតជាតិស្ករ និងបញ្ចេញអាំងស៊ុយលីន ។ ហេតុនេះ វានឹងការពារជំងឺទឹកនោមផ្អែម និងកាត់បន្ថយកម្រិតស្ករក្នុងឈាម ។
២-ជួយឱ្យស្បែកស ភ្លឺថ្លា ៖ វីតាមីន C យ៉ាងច្រើនក្នុងផ្លែននោង បានផ្តល់នូវប្រយោជន៍ដល់សុខភាពស្បែក, ជួយឱ្យស្បែកមានសំណើម និងការពារភាពជ្រីវជ្រួញមុនអាយុ ។ ក្រៅពីនេះ វាមានវីតាមីន B និង C ជួយការពារអុកស៊ីតកម្ម, ព្យាបាលស្បែកជ្រួញ និងជួយឱ្យស្បែកភ្លឺថ្លា ។ ការស្រាវជ្រាវជាច្រើនបង្ហាញថា វីតាមីន C ក្នុងននោងអាចផលិតប្រូតេអ៊ីនដើម្បីបង្កើតសាច់ដុំ, ស្បែក និងសរសៃឈាម ព្រមទាំងជួយឱ្យដំបៅឆាប់ជា ។
៣-ល្អសម្រាប់បេះដូង ៖ ការបរិភោគននោងញឹកញាប់ គឺជាការជួយដល់សុខភាពបេះដូង និងសរសៃឈាម ។ អ្នកជំនាញនិយាយថា ការបរិភោគអាហារមានជាតិសរសៃខ្ពស់នឹងជួយការពារជំងឺសរសៃឈាមបេះដូង ដោយសារននោងមានសារធាតុផេកទីប ។ វានឹងជួយការពារជំងឺបេះដូង និងសរសៃឈាមបានយ៉ាងល្អ រីឯសារធាតុប៉ូតាស្យូមក្នុងននោង នឹងជួយកាត់បន្ថយសម្ពាធឈាម ។

៤-ជំនួយភ្នែក ៖ វីតាមីន C និងសារធាតុបេតាការ៉ូទីន បានជួយឱ្យភ្នែករបស់យើងមើលឃើញកាន់តែច្បាស់ ហើយវាថែមទាំងការពារជំងឺភ្នែកផងដែរ ជាពិសេស មនុស្សចាស់តែងតែកើតជំងឺភ្នែកច្រើនជាងគេ ។
៥-សម្រកទម្ងន់ ៖ ននោង គឺជាបន្លែដែលស័ក្តិសមជាមួយអ្នកសម្រកទម្ងន់ ដោយសារវាមានសរសៃអាហារច្រើន និងកាឡូរីទាប ។ សរសៃអាហារក្នុងបន្លែប្រភេទនេះនឹងជួយកាត់បន្ថយចំណង់អាហារ ឬការបរិភោគអាហារញឹកញាប់ ព្រមទាំងរក្សារាងស្លីម ។
៦-កាត់បន្ថយការឈឺចាប់សាច់ដុំ និងរលាកសន្លាក់ ៖ ប្រយោជន៍របស់ននោងមួយទៀតដែលមនុស្សភាគច្រើនពុំដឹង គឺកាត់បន្ថយការឈឺចាប់សាច់ដុំ និងរលាកសន្លាក់ ដោយសារប៉ូតាស្យូម និងទង់ដែងក្នុងននោង មានសារធាតុប្រឆាំងការរលាកដើម្បីបន្ថយការឈឺចាប់បណ្តាលមកពីរលាក និងការពាររមួលក្រពើ ៕