កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងដាក់ឱ្យដំណើរការសាកល្បងក្នុងរយៈពេល ៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៤ តទៅ ក្រោយសាងសង់រួចរាល់តាំងពីឆ្នាំ២០២២។
កំពង់ផែនេះ មានបណ្តោយប្រវែង ៣០០ម៉ែត្រ សាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាប់ផ្តើមការសាងសង់តាំងពីឆ្នាំ២០១៨ និងរួចរាល់នៅឆ្នាំ២០២២ តែកាលនោះមិនទាន់អាចដាក់ឱ្យប្រើប្រាស់បាននៅឡើយ ដោយសារតែមានជម្រៅទឹករាក់ពេកមិនអាចឱ្យនាវាបើកចេញចូលបាន។
ដើមឡើយ គម្រោងនេះស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ ដោយទើបបង្វែរជូនឱ្យក្រសួងសាធារណការធ្វើជំនួសវិញ។
គួរបញ្ជាក់ថា កំពង់ផែនេះ សាងសង់ឡើងក្នងទំហំទឹកប្រាក់១៨លានដុល្លារអាមេរិក ដែលជាកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB៕