ដេត ស្រីនាឌ ដែលសម្រេចចិត្តពហិកាមិនចូលរួមប្រកួត Miss Planet International 2024 ក្នុងថ្ងៃផ្តាច់ព្រ័ត្របានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាកអ្នកលេងបណ្តាញសង្គម។ ទោះជាយ៉ាងណា ស្រ្តីម្នាក់ទំនងជាម្តាយ និងបុរសម្នាក់អះអាងថា ស្រីនាឌ គឺជាប្អូន បានចេញមកបង្ហើបខ្លះៗថាមានហេតុផលនៅពីក្រោយទើបនាងសម្រេចចិត្តធ្វើបែបនេះ។
តាមរយៈសារសំឡេងមួយដែលបានចែករំលែកនៅលើបណ្តាញសង្គមសំឡេងស្ត្រីម្នាក់បានហៅ ដេត ស្រីនាឌ គឺជាកូន គាត់បាននិយាយថា មានរឿងច្រើនណាស់នៅក្នុងហ្នឹង មិនមែនចង់ដកខ្លួននោះទេបេក្ខភាពផ្សេងៗទាំង ស្រីនាឌ គឺខំប្រឹងដល់ថ្នាក់ដាក់សេរ៉ូមនៅសៀមរាបនៅតែតស៊ូងើបស្លៀកពាក់មកសាលាប៊ែលធី មកផ្ទះម៉ែរ៊ួយ ស្រីនាឌឡើងស្គម ៤០ជាងគីឡូ នៅសល់តែ៣០ជាងគីឡូ អ្នកណាមួយដែលគេមិនស្រលាញ់មុខមាត់ប្រទេសជាតិ មុខមាត់គ្រួសារ ទាល់តែនៅជិតម្នាក់នោះទើបបានយល់ ទទួលលទ្ធផលពីគេមកបានដឹង»។
ចំណែកគណនីហ្វេកប៊ុកមួយឈ្មោះថា Tim Ravy បានបង្ហោះសំណេរថា «និយាយបន្តិច ពួកអ្នកដែលជេប្អូនខ្ញុំ Det Sreyneat ខ្ញុំចង់សួរពួកអស់លោកវិញ មានដឹងរឿងនៅរឿងពីក្រោយ រឺ ផ្ទៃក្នុងគេមិចអត់បានមួយៗចេញមកជេរ ចាំតែជាន់ ជាពិសេសម្នាក់មួយអីក្នុង TikTok សុទ្ធតែគេឆាតប្រាប់វាពីប្អូនខ្ញុំ អ្នកដែលឆាតទៅនៅផ្ទះមួយលោកមែនហាស បានដឹងចរិតប្អូនលោកច្បាស់ម៉េស។ មុននឹងថាមុននឹងជេរមុននឹងស្តី គួរតែរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយសិន ចាំជេចាំថា កម្មវិធីសម្តែង»។
គួរបញ្ជាក់ផងដែរថា ដេត ស្រីនាឌ បានចេញមកប្រកាសពហិកាមិនចូលរួមកម្មវិធីប្រកួត Miss Planet International នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ខណៈនៅពេលយប់ជាពេលវេលាប្រកួតផ្តាច់ព្រ័ត្រ។ ការប្រកាសនេះបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានលើកឡើងថានាងមិនគិតមុខមាត់ប្រទេសជាតិជាធំ ជាមនុស្សគ្មានទំនួលខុសត្រូវ។ ក្រោយពីរឿងនេះរីករាលខ្លាំង ការបង្ហោះរបស់ ដេត ស្រីនាឌ ត្រូវបានបាត់ចេញពីហ្វេកប៊ុកវិញ ខណៈទំព័រផ្លូវការ Miss Planet Cambodia បានចេញសេចក្តីប្រកាសថានាងមិនអាចចូលរួមប្រកួតបានដោយសារតែបញ្ហាសុខភាពដោយលំដាប់រងទី១នឹងចូលរួមប្រកួតវិញ។
គិតមកទល់នឹងព្រឹកថ្ងៃទី២៩ វិច្ឆិកា ដេត ស្រីនាឌ មិនទាន់ចេញមកបកស្រាយពីមូលហេតុជាក់លាក់នៃការសម្រេចចិត្តបោះបង់ការប្រកួត ហើយទស្សនិកជនក៏ចង់ដឹងចេញពីមាត់របស់ ដេត ស្រីនាឌ ផ្ទាល់៕