ស្ទឹងពពកគឺជាតំបន់ទេសចរណ៍ធម្មជាតិដែលមានទេសភាពស្អាតអស្ចារ្យ ប្រៀបដូចជាឋានសួគ៌នៅលើមេឃអ៊ីចឹង។ នៅទីនេះមានភាពល្បីល្បាញខ្លាំងដោយសារពពករសាត់ដេរដាស បង្កើតបានជាផ្ទាំងទស្សនីយភាពថ្មីមួយ ប្លែកភ្នែកសម្រាប់ភ្ញៀវទេសចរដែលបានទៅដល់តំបន់ «ស្ទឹងពពក»។ រមណីយដ្ឋានស្ទឹងពពក មានទីតាំងស្ថិតនៅភូមិក្រាំងចេក ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ដើម្បីទៅទីនោះភ្ញៀវទេសចរត្រូវជិះម៉ូតូឡើងភ្នំ ឆ្លងកាត់ផ្លូវចោតខ្ពស់ៗ ឆ្ពោះទៅស្ទឹងពពកដែលមានចម្ងាយ ៣,៥០០ ម៉ែត្រ។ នៅទីនោះភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពពពករសាត់ដេដាស ពណ៌សក្បុសយ៉ាងស្រស់ស្អាតបំផុត។ ជាពិសេសនៅរដូវរងារនេះតែម្តង លោកអ្នកមកដល់ទីនេះ គឺមិនខកបំណងឡើយ ធានាថាសប្បាយរីករាយ ជ្រះអស់ទុក្ខកង្វល់ និងទទួលបានបទពិសោធន៍យ៉ាងសម្បូរបែបបំផុត។
ក្រៅគយគន់ទេសភាពពពកហោះដ៏អស្ចារ្យ លោកអ្នកក៏អាចគយគន់ទេសភាពទឹកធ្លាក់ និងដងព្រែក អមដោយព្រៃព្រឹក្សាដ៏ត្រឈឹងត្រឈៃត្រជាក់ល្អឹមទៀតផង។ លើសពីនេះភ្ញៀវទេសចរក៏អាចទស្សនាដងព្រែកនិងទឹកធ្លាក់ពីភ្នំ បោះតង់ ឬចងអង្រឹងស្នាក់នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្ងប់ស្ងាត់នេះបានផងដែរ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នវិស័យទេសចរណ៍នៅសហគមន៍មួយកន្លែងនេះគឺបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង។
តាមរយៈអេកូទេសចរណ៍នេះ បានធ្វើឱ្យប្រជាសហគមន៍ធ្លាប់តែពឹងអាស្រ័យលើធនធានធម្មជាតិបានផ្លាស់ប្តូរមកពឹងពាក់លើវិស័យទេសចរណ៍ដូចជាការលក់ផលិតផលសិកម្ម សេវាដឹកជញ្ជូន ការនាំភ្ញៀវទេសចរណ៍ និងការធ្វើម្ហូបអាហារជូនភ្ញៀវជាដើម ដែលធ្វើឱ្យពួកគាត់អាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារកាន់តែរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីតំបន់ទេសចរណ៍ថ្មី «ស្ទឹងពពក» ខេត្តកោះកុង ក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀតដែរដូចជាតំបន់អារ៉ែង និងខ្នងផ្សាជាដើម៕