«ស្អាតជានិច្ច» គឺជាបទចម្រៀងសម្រាប់កុមារក្នុងគោលបំណងឱ្យកុមារចេះអនាម័យលើខ្លួនប្រាណក្នុងការរស់នៅប្រចាំថ្ងៃមិនថាក្មេងចាស់ប្រុសស្រីគឺធ្លាប់ឮនិងច្រៀងតាមយ៉ាងទូលំទូលាយ។ គិតមកទល់ពេលនេះបទនេះមានអាយុកាលជាង៤ទសវត្សរ៍ក្រោមស្នាដៃនិពន្ធរបស់ឯកឧត្តម ងិន សុខគ្រវ៉ារ ចំណែកឯប្រវត្តិនៃការតែងនិពន្ធគឺបែបនេះ។
ឯកឧត្តម ងិន សុខគ្រវ៉ារ បានចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី V Take ដោយបានមានប្រសាសន៍ថា បទ ស្អាតជានិច្ច គឺបាននិពន្ធនៅចុងឆ្នាំ១៩៧៩ ប៉ុន្តែបានថតផ្សាយនៅក្នុងឆ្នាំ១៩៨២ ពោលគឺមានអាយុកាល៤៥ឆ្នាំមកហើយ។ ជាម្ចាស់ស្នាដៃនៃការតែងនិពន្ធបទនេះឯកឧត្តម ងិន សុខគ្រវ៉ារ បច្ចុប្បន្នគឺមានអាយុ៧២ឆ្នាំបានចាំយ៉ាងច្បាស់ថា នាខែ១០ឆ្នាំ១៩៧៩ ឯកឧត្តម គឺបានចូលបំរើការងារនៅមជ្ឈមណ្ឌលកុមារកំព្រាកុលាបទី១ដោយមានតួនាទីបង្រៀនចម្រៀងផ្សេងៗមុនចាប់ផ្តើមបង្រៀនភ្លេងនៅឆ្នាំ១៩៨០។
រម្លឹកទៅកាន់វេលានោះលោកគ្រូបានមានប្រសាសន៍ថា នៅពេលនេះលោកគ្រូកំពុងអង្គុយនៅក្រោមដើមអម្ពិលនៅក្នុងសាសាដើម្បីរង់ចាំថ្នាក់ណាដែលលោកគ្រូអ្នកគ្រូអវត្តមានលោកគ្រូនឹងចូលទៅបង្រៀនជំនួសបទចម្រៀងផ្សេងៗដើម្បីកុំឱ្យក្មេងៗអផ្សុក។ នៅពេលដែលថ្នាក់សិក្សាមានគ្រូពេញលោកគ្រូអង្គុយនៅក្រោមដើមអម្ពិលសរសេរប៉ារ៉ូល ទំនុកច្រៀង និងបទភ្លេងជាដើម ដើម្បីជាគំនិតមួយឱ្យកុមារបានល្អដែលទើបចេញពីរបបប្រល័យពូជសាសន៍អប់រំកូនខ្មែរឱ្យបានល្អ។
ម្ចាស់ស្នាដៃ ស្អាតជានិច្ច បានបន្តរៀបរាប់ទៀតថា លោកមានគំនិតដូចលោកគ្រូដើមរបស់ខ្លួនសរសេរបទណាដែលមានតម្លៃអប់រំហើយគោលបំណងនៃការសរសេរបទនេះគឺចង់ធ្វើអ្វីមួយដែលយើងនិពន្ធមានពាក្យពេជចន៍ឱ្យបានស៊ីជ្រៅក្នុងការអប់រំហើយមានគំនិតមួយទៀតគឺចង់ធ្វើបទរបៀបសាមញ្ញដើម្បីឱ្យកុមារងាយចាំហើយខ្លីមានតែពីរវគ្គទេឱ្យកុមារច្រៀងខ្លីៗដោយមិនភ័យព្រួយភ្លេច។
ឯកឧត្តម ងិន សុខគ្រវ៉ារ បានថ្លែងថាលោកមិននឹកស្មានថាបទ ស្អាតជានិច្ច មានលក្ខណៈល្បីល្បាញហើយមានអាយុកាលមកដល់ពេលនេះដែរហើយលោកតែងតែមានអារម្មណ៍រំភើបនៅពេលទៅដល់ទីណា សាលាមតេ្តយ្យណា ឃើញកូនក្មេងច្រៀងបទនេះរហូតដល់ស្រក់ទឹកភ្នែក ព្រោះស្នាដៃមួយដែលមិនស្មានថាសុះសាយដល់កម្រិតនេះ៕