សហរដ្ឋអាមេរិក ៖ Beta Technologies គឺជាក្រុមហ៊ុនផលិតយន្តហោះស្ថិតនៅរដ្ឋ Vermont សហរដ្ឋអាមេរិក បានទទួលជោគជ័យក្នុងការបញ្ជូនយន្តហោះអគ្គិសនីចេញពីរោងចក្រផលិតរបស់ក្រុមហ៊ុនឡើងទៅលើមេឃ ព្រមទាំងប្រកាសត្រៀមដំណើរការរោងចក្រផលិតយន្តហោះអគ្គិសនីផងដែរ ក្រោយពីមានការទទួលស្គាល់ជាផ្លូវការ ។
ក្រុមហ៊ុនបញ្ជាក់ថា រោងចក្រនៅរដ្ឋ Vermont នឹងក្លាយជារោងចក្រផលិតយន្តហោះអគ្គិសនីដ៏ធំដំបូងគេនៅសហរដ្ឋអាមេរិក ហើយអាចផលិតយន្តហោះអគ្គិសនីបានច្រើន រហូតដល់៣០០គ្រឿងក្នុង១ឆ្នាំ ។ រីឯយន្តហោះអគ្គិសនីដែលក្រុមហ៊ុនបានសាកល្បងហោះហើរលើកនេះ គឺជាប្រភេទ Alia-CX300 CTOL មានស្លាបប្រវែង១៥ម៉ែត្រ និងអាចដឹកអ្នកដំណើរ រួមទាំងអ្នកបើកបរ ចំនួន៥នាក់ ។
.png)
យន្តហោះអគ្គិសនីនឹងឡើង-ចុះនៅលើផ្លូវ Runway ដូចយន្តហោះធម្មតាដែរ ហើយវាអាចហោះហើរក្នុងល្បឿន២៥០គីឡូម៉ែត្រក្នុង១ម៉ោង និងហោះឆ្ងាយបំផុត ចំនួន៦២០គីឡូម៉ែត្រសម្រាប់ការសាកថ្មម្តង ។ ការសាកល្បងហោះហើររបស់យន្តហោះអគ្គិសនីនេះ បានចំណាយពេលជិត១ម៉ោង ដែលវាហោះក្នុងកម្ពស់ប្រមាណ ២,១០០ម៉ែត្រពីដី ដើម្បីវាយតម្លៃពីសុវត្ថិភាព ។.png)
កន្លងមក ក្រុមហ៊ុន Beta Technologies ធ្លាប់បានផលិតរថយន្តតាក់ស៊ីអគ្គិសនីហោះដោយស្វ័យប្រវត្តិ ម៉ាក Alia-250 ដែលស្លាបរបស់តាក់ស៊ីបានផលិតតាមស្លាបបក្សី ។ តាក់ស៊ីអគ្គិសនីហោះរបស់ក្រុមហ៊ុន គឺមានស្លាបប្រវែង១៥ម៉ែត្រ និងបំពាក់ដោយថ្មលីចូមដង់ស៊ីតេខ្ពស់ ។ វាអាចហោះហើរក្នុងចម្ងាយផ្លូវរហូតដល់ ៤០២គីឡូម៉ែត្រ និងហោះលឿនបំផុត ស្មើនឹង២២២គីឡូម៉ែត្រក្នុង១ម៉ោង ។
ក្រុមហ៊ុនបានបង្ហាញពីចំណុចខ្លាំងថា ការផលិតយន្តហោះ Alia-CX300 CTOL គឺជាការប្រើប្រាស់ថាមពលអគ្គិសនី ដែលអាចជួយសន្សំសំចៃថវិកាថ្លៃប្រេងឥន្ធនៈ ហើយវានឹងបញ្ចេញជាតិពុលលើបរិយាកាស តិចជាងយន្តហោះចាក់ប្រេងម៉ាស៊ូត ។ ក្រុមហ៊ុនមានគោលដៅប្រើប្រាស់យន្តហោះអគ្គិសនីសម្រាប់ដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញផ្សេងៗ នាថ្ងៃអនាគត ៕










