ប្រទេសអង់គ្លេស ៖ MacRebur គឺជាក្រុមហ៊ុនអង់គ្លេសបានផលិតសារធាតុបន្ថែមចេញពីកាកសំណល់ផ្លាស្ទិក ដើម្បីធ្វើផ្លូវថ្នល់ជំនួសជ័រកៅស៊ូ ។ កាកសំណល់ផ្លាស្ទិកទាំងនេះជួយឱ្យការប្រើប្រាស់ផ្លូវថ្នល់បានយូរអង្វែង, កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល, កាត់បន្ថយបរិមាណសំរាមផ្លាស្ទិកកប់ក្នុងដី និងចំណាយដើមទុនតិចធ្វើផ្លូវ ។

វិស្វករអង់គ្លេសឈ្មោះ Toby McCartney ធ្លាប់បានឃើញពលរដ្ឋឥណ្ឌាយកផ្លាស្ទិកមកដាក់ក្នុងរណ្តៅតាមផ្លូវថ្នល់ ទើបមានគំនិតធ្វើផ្លូវថ្នល់ពីសំរាមផ្លាស្ទិក តាមរយៈការច្នៃប្រឌិតថ្មីយកកំទេចតូចៗពីដបផ្លាស្ទិកមកប្រើប្រាស់ជំនួសជ័រកៅស៊ូ ។ រីឯលទ្ធផលបង្ហាញថា ផ្លូវថ្នល់មានវត្ថុធាតុដើមជាកាកសំណល់ផ្លាស្ទិក មានភាពរឹងមាំជាងផ្លូវថ្នល់ធម្មតា រហូតដល់៦០%, ប្រើប្រាស់បានយូរជាងមុន១០ដង និងពុំប៉ះពាល់បរិស្ថាន ។
.png)
វិស្វករអង់គ្លេសបញ្ជាក់ថា ផ្លូវថ្នល់ធម្មតាបានធ្វើពីកំទេចថ្ម និងខ្សាច់ ប្រមាណ៩០% និងជ័រកៅស៊ូ១០% ប៉ុន្តែផ្លូវថ្នល់របស់ក្រុមហ៊ុន MacRebur បានប្រើប្រាស់កាកសំណល់ផ្លាស្ទិកជំនួសជ័រកៅស៊ូ ។ កាកសំណល់ផ្លាស្ទិកនឹងធ្វើឱ្យផ្លូវរឹងមាំល្អ ហើយការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីលនឹងធ្លាក់ចុះផងដែរ ។
វត្ថុធាតុចំនួន១តោន ផលិតពីកាកសំណល់ផ្លាស្ទិករបស់ក្រុមហ៊ុន MacRebur គឺស្មើគ្នានឹងការកម្ចាត់ដបផ្លាស្ទិក ចំនួន៨ម៉ឺនដប ឬថង់ផ្លាស្ទិក ចំនួន២លាន៨សែនថង់ ។ វាជួយកាត់បន្ថយការចំណាយដើមទុនធ្វើផ្លូវ ចំនួន១សែនដុល្លារអាមេរិក បើធៀបនឹងការធ្វើផ្លូវពីជ័រកៅស៊ូ ហើយថែមទាំងអាចជួសជុលផ្លូវឡើងវិញពេលខូច ។
នៅពេលផ្លូវរបស់ក្រុមហ៊ុន MacRebur ខូចទ្រង់ទ្រាយ យើងអាចជីកវាឡើងវិញ ហើយបន្ថែមកាកសំណល់ផ្លាស្ទិក ។ បន្ទាប់មក យើងយកវាទៅប្រើប្រាស់ម្តងទៀត ដែលនេះបង្ហាញពីដំណើរការផ្លាស់ប្តូរចុះឡើង ហើយវាមិនត្រឹមតែពុំប៉ះពាល់បរិស្ថានប៉ុណ្ណោះទេ តែផ្លូវរបស់យើងនឹងមានគុណភាពល្អ ។ នេះបើតាមការលើកឡើងរបស់វិស្វករអង់គ្លេស ។
ភាពជោគជ័យរបស់ក្រុមហ៊ុនអង់គ្លេសបានធ្វើឱ្យពួកគេមានគម្រោងធ្វើផ្លូវថ្នល់ពីកាកសំណល់ផ្លាស្ទិកនៅប្រទេសផ្សេងៗ ដូចជា ៖ សហរដ្ឋអាមេរិក, អេស្ប៉ាញ, ក្រូអាត, ម៉ាឡេស៊ី, អេស្តូនី និងស្វីស ៕










