ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលថៃនឹងចែកប្រាក់ឱ្យពលរដ្ឋ ចំនួន៤លាននាក់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។ ពលរដ្ឋនឹងទទួលបានប្រាក់១ម៉ឺនបាតក្នុងម្នាក់ (ឬស្មើនឹង២៩៤ដុល្លារអាមេរិក) មុនពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៥ ។.png)
លោក Pichai Chunhavajira ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិយាយថា គណៈកម្មការគោលនយោបាយជំរុញសេដ្ឋកិច្ច ដែលមាននាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ធ្វើជាប្រធាន បានឯកភាពចែកប្រាក់ឱ្យពលរដ្ឋ ក្នុងដំណាក់កាលទី២ ។ ពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើងដែលបានចុះឈ្មោះក្នុងប្រព័ន្ធអ៊ីនធើរណេតរបស់រដ្ឋាភិបាល និងបញ្ជាក់អត្តសញ្ញាណរួចរាល់ នឹងទទួលបានប្រាក់ម្នាក់១ម៉ឺនបាត ។.png)
ហេតុនេះ ពលរដ្ឋដែលមានសិទ្ធទទួលប្រាក់ក្នុងដំណាក់កាលទី២ គឺស្មើនឹង៤លាននាក់ ហើយរដ្ឋាភិបាលនឹងចំណាយប្រាក់សរុបចំនួន៤ម៉ឺនលានបាត ។ ពលរដ្ឋនឹងទទួលបានប្រាក់នេះ មុនពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៥ ឬមុនថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។
ចំណែកការចែកប្រាក់ពលរដ្ឋនៅដំណាក់កាលទី៣ រដ្ឋាភិបាលនឹងចាប់ផ្តើមចែកចាប់ពីខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ។ រីឯការចុះឈ្មោះក្នុងកម្មវិធីអ៊ីនធើរណេតរបស់រដ្ឋាភិបាល គឺពលរដ្ឋអាចប្រើប្រាស់បាន នៅត្រីមាសទី២ ឆ្នាំ២០២៥ ។ ក្រៅពីនេះ រដ្ឋាភិបាលក៏មានគម្រោងដោះស្រាយបញ្ហាការជំពាក់បំណុលធនាគាររបស់ពលរដ្ឋផងដែរ ដោយពលរដ្ឋនឹងអាចផ្អាកបង់ការប្រាក់ឱ្យធនាគារ រយៈពេល៣ឆ្នាំ ។

វាជាវិធានការសហការគ្នារវាងសមាគមធនាគារថៃ, ក្រសួងហិរញ្ញវត្ថុ និងធនាគារជាតិថៃ ។ រីឯសាច់ប្រាក់ដើមដែលពលរដ្ឋបានខ្ចីពីធនាគារ គឺអាស្រ័យលើលក្ខខណ្ឌការសងប្រាក់ ប៉ុន្តែរដ្ឋាភិបាលនឹងមានវិធានការពន្យារពេលសងប្រាក់រយៈពេលយូរ ។.png)
ដោយឡែក ស្ថាប័នពាក់ព័ន្ធក៏បានពិភាក្សាជាមួយផ្នែកកសិកម្មពាក់ព័ន្ធនឹងគម្រោងជួយកសិកររយៈពេលខ្លី ដើម្បីដោះស្រាយបន្ទុកចំណាយលើជីវភាពប្រចាំថ្ងៃរបស់កសិករ ។ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឱ្យកសិករ ចំនួន១,០០០បាតក្នុង១គ្រួសារ (សម្រាប់គ្រួសារណាមានផ្ទៃដីកសិកម្ម មិនលើស១ហិកតា) ហើយក្រសួងហិរញ្ញវត្ថុនឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តគម្រោងនេះ ព្រមទាំងពិភាក្សាគ្នាម្តងទៀត ដែលនេះជារង្វាន់ឆ្នាំថ្មីសម្រាប់កសិករថៃ ៕










