ប្រទេសអូស្ត្រាលី៖ វាជារឿងដ៏កម្រមួយ ដោយសារសត្វភេនឃ្វីនមិនងាយបង្ហាញខ្លួននៅទីប្រជុំជនក្នុងទីក្រុងនោះទេ ភាគច្រើនវាចូលចិត្ករស់នៅជាក្រុម ហើយបង្ហាញខ្លួនតែនៅតំបន់ទឹកកកអង់តាក់ទិកប៉ុណ្ណោះ។
ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ មនុស្សម្នាជាច្រើនបានប្រទះឃើញសត្វភេនឃ្វីនដ៏កំសត់មួយក្បាល បានបង្ហាញខ្លួននៅលើវាលខ្សាច់ក្នុងទីក្រុងប្រទេសអូស្ត្រាលី ហើយពួកគេក៏បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានភ្លាមៗ។

យោងតាមនាយកដ្ឋានជីវចម្រុះ និងការអភិរក្ស (DBCA) បានឱ្យដឹងថា សត្វនេះទំនងជាវង្វេងផ្លូវហើយ។ លោក Belinda Cannell អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Western Australia បាននិយាយថា ជាធម្មតា សត្វភេនឃ្វីនរស់នៅតំបន់ទឹកកកអង់តាក់ទិក ហើយកម្រទៅឆ្ងាយជាងព្រំដែនទឹកកកនៃសមុទ្រភាគខាងត្បូងរបស់ខ្លួនណាស់។ ប៉ុន្តែលោកសន្មត់ថា ដំណើរដ៏វែងឆ្ងាយរបស់សត្វនេះ ប្រហែលជាត្រូវបានជះឥទ្ធិពលដោយចរន្តទឹកសមុទ្រដែលសំបូរទៅដោយអាហារ ដែលនាំវាទៅកាន់គោលដៅដែលមិនធ្លាប់ស្គាល់។
ដំណើរដ៏មិនគួរឱ្យជឿរបស់អធិរាជភេនឃ្វីនបង្ហាញថា សត្វនេះអាចហែលជាមួយចរន្តទឹកសមុទ្រភាគខាងជើងដើម្បីស្វែងរកអាហារ ហើយបានបញ្ចប់ទៅឆ្ងាយជាងការរំពឹងទុក។ នៅពេលមនុស្សប្រទះឃើញវាដំបូង សត្វភេនឃ្វីនហាក់ដូចជាខ្វះអាហារូបត្ថម្ភ និងត្រូវការការថែទាំជាបន្ទាន់។ បច្ចុប្បន្ន Carol Biddulph ដែលជាអ្នកស្តារសត្វសមុទ្រក្នុងតំបន់បានយកវាទៅដាក់ក្នុងទ្រុងសុវត្ថិភាពដើម្បីរក្សាលំនឹងសុខភាពរបស់វា ហើយពួកគេនឹងនាំយកសត្វនេះទៅតំបន់ទឹកកកអង់តាក់ទិវិញ ក្នុងបរិយាកាសដែលសមស្របមួយ។
សត្វភេនឃ្វីនអធិរាជមានភាពល្បីល្បាញខ្លាំងដោយសារភាពរឹងប៉ឹង និងការស៊ូទ្រាំរបស់ពួកវានៅក្នុងបរិយាកាសដ៏អាក្រក់នៃអង់តាក់ទិក ដែលជាកន្លែងពួកវាបង្កាត់ពូជក្នុងរដូវរងារនៅសីតុណ្ហភាពក្រោមសូន្យ។ ការធ្វើដំណើរដ៏ឆ្ងាយបែបនេះពីតំបន់ទឹកកកអង់តាក់ទិកចូលមកដល់ទីក្រុងប្រទេសអូស្ត្រាលី គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលអាចផ្តល់ព័ត៌មានថ្មីអំពីគំរូនៃការធ្វើចំណាកស្រុករបស់សត្វភេនឃ្វីន តាមរយៈចរន្តទឹកសមុទ្រ និងផលប៉ះពាល់កាន់តែទូលំទូលាយនៃការប្រែប្រួលអាកាសធាតុជាមួយសត្វសមុទ្រ៕










