Victoria Kjaer បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាភ្ញាក់ផ្អើលចូលរួមអបអរសាទរជុំវិញពិភពលោកបន្ទាប់ពីគ្រងមកុដបវរកញ្ញាចក្រវាលឆ្នាំ២០២៤នៅប្រទេសម៉ិកស៊ិក។ នាងគឺជាបវរកញ្ញាប្រចាំប្រទេសដាណឺម៉ាកលើកដំបូងបានសាងប្រវត្តិសាស្រ្តគ្រងមកុដក្នុងកម្មវិធីសម្រស់ដ៏ធំ។ មិនត្រឹមតែប៉ុណ្ណោះ Victoria ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ថាដ្បិតតែនាងជាបវរកញ្ញាវ័យក្មេងតែធ្វើឱ្យក្តីសុបិនក្លាយជាការពិតលើវិថីមួយនេះ។

Victoria ជាជនជាតិដាណឺម៉ាកមានអាយុ ២១ឆ្នាំដែលស្ថិតក្នុងក្រុមក្មេងជាងគេក្នុងការប្រកួតដែលមានបេក្ខភាពជាង១២០ប្រទេសនិងមានកម្ពស់១.៧៣ម៉ែត្រ។ ម្ចាស់មកុដចក្រវាលនេះកំពុងសិក្សាផ្នែកទីផ្សារ និងសេដ្ឋកិច្ច និងជាអ្នកចម្រៀង និងអ្នករាំនៅប្រទេសដាណឺម៉ាក។ នាងបាននិយាយថា នាងធំឡើងក្នុងស្ថានភាពលំបាក ព្រោះគ្រួសារនាងមានអ្នកញៀនថ្នាំច្រើននិងត្រូវបានរំលោភបំពានកាលពីអតីតកាល។ Victoria គឺជាអតីតTOP20 នៃកម្មវិធី Miss Grand International 2022 ជំនាន់ការប្រកួតរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី។
ដោយមានបទពិសោធន៍ក្នុងការប្រកួតសម្រស់ បវរកញ្ញាចក្រវាលដាណឺម៉ាក២០២៤ បានអនុវត្តយ៉ាងមានស្ថិរភាពទាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ក្នុងពិធីប្រកាសលទ្ធផលនៅលើបណ្ដាញសង្គម Facebook ទស្សនិកជនជាច្រើនបានសរសើរដល់Queen ដ៏ស្រស់ស្អាតរូបនេះ ដោយហៅនាងថា «តុក្កតាមានជីវិត» និង «Barbie ជីវិតពិត»។ នៅក្នុងការណែនាំ Victoria បាននិយាយថា នាងមានអាជីពជំនួញផ្ទាល់ខ្លួន ស្រឡាញ់កីឡា ចូលរួមក្នុងគម្រោងការពារសត្វ និងសុខភាពផ្លូវចិត្តនៅស្រុកកំណើតរបស់នាង។ Victoria បាននិយាយថានាងមិនមានសម្ពាធទេក្នុងអំឡុងពេលប្រលងសម្រស់នៅម៉ិកស៊ិក។ នាងចាត់ទុកការប្រកួតប្រជែងជាបទពិសោធដ៏ស្រស់ស្អាត ជាឱកាសសម្រាប់នាងដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។
នៅក្នុងវគ្គ TOP5 Victoria ទទួលបានសំណួរថា «បវរកញ្ញាបានបំផុសគំនិតស្ត្រីជាច្រើនជំនាន់។ តើអ្នកចង់ប្រាប់អ្នកដែលកំពុងទស្សនាកម្មវិធីនេះជាអ្វី?» Victoria បានឆ្លើយថា «មិនថាប្រវត្តិអ្នកណាមកពីណា ឬជាអ្នកណាទេ អ្នកអាចពឹងផ្អែកលើកម្លាំងចិត្តរបស់អ្នកជានិច្ច។ សាវតាបស់អ្នកមិនបានកំណត់ថាអ្នកជានរណាទេ ដូច្នេះពេលជួបនឹងការលំបាកជានិច្ច តស៊ូឱ្យខ្លាំង ខ្ញុំចង់បង្កើតពេលវេលាជាប្រវត្តិសាស្ត្រសម្រាប់ខ្លួនខ្ញុំ កុំបោះបង់ កុំឈប់ជឿជាក់លើខ្លួនឯង ជឿជាក់លើសុបិនជានិច្ច នោះជាអ្វីដែលអ្នកគួរធ្វើ»។.png)
គួរបញ្ជាក់ថាការប្រកួតបវរកញ្ញាចក្រវាលលើកទី៧៣កាលពីយប់ថ្ងៃទី១៦ វិច្ឆិកា (ម៉ោងក្នុងតំបន់» លំដាប់រងទី១ បានទៅលើបវរកញ្ញានីហ្សេរីយ៉ា លំដាប់រងទី២បានទៅលើបេក្ខនារីប្រទេសម៉ិកស៊ិកដែលជាម្ចាស់ផ្ទះ លំដាប់រងទី៣ ប្រទេសថៃ និងលំដាប់រងទី៤ បវរកញ្ញាប្រទេស Venezuela ។
ឆ្នាំនេះ អាស៊ី និងអាម៉េរិកឡាទីន មានបេក្ខភាពខ្លាំងៗជាច្រើន ហើយថែមទាំងមានបេក្ខនារីចូលTOPច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង 30។ អាស៊ីអាគ្នេយ៍មានប្រាំនាក់ក្នុងចំណាត់ថ្នាក់TOP30 រួមមាន កម្ពុជា វៀតណាម ថៃ ហ្វីលីពីន និង ម៉ាឡេស៊ី៕










