ពិធីបុណ្យអុំទូករបស់ព្រះរាជាណាចក្រកម្ពុជានឹងឈានចូលមកដល់នាថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកានេះហើយ ដោយសង្កេតឃើញថា នៅតាមទីតាំងនានាទូទាំងប្រទេសមានការរៀបចំ តុបតែង និងតាំងពិពណ៌យ៉ាងច្រើនសម្បូរបែប ដើម្បីអបអរដល់ព្រះរាជពិធីបុណ្យជាតិមួយនេះ។ យ៉ាងណាមិញ បើក្រឡេកទៅកាន់អតីតខេត្តខ្មែរមួយ ក៏បានរៀបចំនិងអបអរដូចគ្នាដែរ។
ថ្មីៗនេះ រូបភាពចែកចាយលើបណ្តាញសង្គមពីគេហទំព័រ Indigenous Khmer live in Vietnam បានបង្ហាញរូបភាពជាច្រើនសន្លឹកព្រមជាមួយនឹងខ្លឹមសារថា «មោទនភាពណាស់ដែលតាមដងផ្លូវជាតិកណ្ដាលទីក្រុងខេត្តព្រះត្រពំាងដាក់ផ្លាកជាអក្សរខ្មែរ ដើម្បីអំណរពិធីបុណ្យអុំទូកអកអំបុកសំពះ ព្រះខែនិងលយប្រទីប ឆ្នាំ២០២៤»។
តាមរយៈរូបភាពដែលបានដាក់បង្ហោះពីគេហទំព័រខាងលើ ដោយសង្កេតឃើញថា នៅដងតាមផ្លូវធ្វើដំណើរដ៏មមាលញឹកក្នុងខេត្តព្រះត្រពាំង (ដែលបច្ចុប្បន្នហៅថាខេត្តត្រាវិញ) បានដាក់តំាងបង្ហាញផ្លាកប៉ាណូធំៗជាច្រើនផ្ទាំង ដោយសរសេរជាអក្សរខ្មែរបញ្ជាក់យ៉ាងច្បាស់ៗថា«អំណរសប្តាហ៍វប្បធម៌ ទេសចរណ៍ភ្ជាប់ជាមួយបុណ្យអកអំបុក ខេត្តត្រាវិញ ឆ្នាំ២០២៤ ពីថ្ងៃទី៩-១៥/១១/២០២៤»។ តាមរយៈការដាក់បង្ហោះនេះ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិកោតសរសើរនិងចែករំលែកព្រោងព្រាតផងដែរ។
សូមជម្រាបថា ខេត្តព្រះត្រពាំង គឺជាអតីតខេត្តមួយរបស់ខ្មែរ ដែលបច្ចុប្បន្នស្ថិតនៅលើទឹកដីកម្ពុជាក្រោម និងបានប្តូរឈ្មោះថាជាខេត្តត្រាវិញ។ ខេត្តនេះក៏នូវតែបន្សល់ទុកនូវវប្បធម៌អរិយធម៌របស់ខ្មែរដ៏សម្បូរបែប មានវត្តអារាមព្រះពុទ្ធសាសនា ដែលតែងតែប្រារព្ធនូវពិធីបុណ្យប្រពៃណីខ្មែរសំខាន់ៗជាហូរហែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទានជាដើម។
ម៉្យាងវិញទៀត ខេត្តព្រះត្រពាំងនេះក៏បានចារឈ្មោះអ្នកឧកញ៉ាសឺន គុយ ដែលជាបុព្វបុរសខ្មែរអំឡុងសតវត្សទី១៩ ដែលហ៊ានលះបង់ជីវិត ប្តូរជាមួយនឹងការរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ខ្មែរ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយលើទឹកដីកម្ពុជាក្រោម បានប្រារព្ធនិងប្រតិបត្តិរហូតដល់បច្ចុប្បន្ន៕










