ស្ពានជ្រោយចង្វារទី១ ដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញឆ្លងកាត់លើទន្លេសាប ដែលត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ តាមរយៈជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។
ស្ពាននេះ ធ្លាប់ត្រូវបានកាត់ផ្តាច់ក្នុងអំឡុងឆ្នាំ១៩៧២ ពេលប្រទេសកម្ពុជាជួបភ្លើងសង្គ្រាម។ គ្រានោះទ័ពព្រៃប្រមាណជា១០០នាក់ បានបើរថយន្តមកលើស្ពានពេលយប់ និងបានបំផ្ទុះគ្រាប់ផ្តាច់ស្ពានជា២កង់ផ្នែកកណ្តាល ។ ក្រោយមក ទ័ពព្រៃទាំងនោះ ត្រូវបានទាហានសាធារណរដ្ឋខ្មែរ បានដេញតាមសម្លាប់ទាំងអស់។.png)
លុះដល់ឆ្នាំ១៩៩២ ជប៉ុន ក៏បានមកតភ្ជាប់ស្ពាននេះឡើងវិញ ដោយបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៩៦ ក្រោមធិបតីព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។.png)
ក្រោយមកទៀតដល់ចុងឆ្នាំ២០១៧ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញម្តងទៀត ដោយហេតុថា មានកំណើនប្រជាជនធ្វើដំណើរឆ្លងកាត់ច្រើន ហើយស្ពានហាក់មានអាយុកាលចាស់។
ចុងក្រោយបំផុតស្ពាននេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ដោយចាយថវិការអស់ជាង៣០លានដុល្លារ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន៕










