នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្តេចយាងជារាជាធិបតីភាពនៃព្រះរាជពិធីពន្លត់ភ្លើងជ័យ នៃខួបលើកទី៧១ឆ្នាំ ក្នុងពិធីបុណ្យឯករាជ្យ។
នាក្នុងពិធីនោះ មហាជនបានសង្កេតឃើញព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានលើកដៃសំពះព្រះសង្ឃគ្រប់ព្រះអង្គ ខណៈព្រះសង្ឃមិនបានលើកដៃសំពះវិញនោះទេ ដោយគ្រាន់តែប្រភាសតាមរយៈពាក្យសម្តីតែប៉ុណ្ណោះ។
នៅក្នុងវិន័យសាសនាព្រះពុទ្ធ ព្រះសង្ឃមិនអាចលើដៃទៅថ្វាយបង្គំ ឬសំពះនរណាបានឡើយ។ ព្រះសង្ឃជាឧត្តមភេទ ភេទខ្ពង់ខ្ពស់ ភេទឧត្តុង្គឧត្តម ភេទប្រសើរថ្លៃថ្លា ជាទីគោរពបូជានៃមនុស្ស និងទេវតាទាំងឡាយ ដូច្នេះព្រះសង្ឃមិនអាចលើកដៃទៅសំពះគ្រហស្ថជាហីនភេទ(ភេទតូចទាប)បានទេ។
ដោយឡែក ការដែលព្រះសង្ឃអាចលើកដៃសំពះបាន លុះត្រាជាព្រះសង្ឃដូចគ្នា តែបួសចាស់វស្សាជាង៕











