ប្រទេសអ៊ីតាលី៖ អាកាសធាតុប្រែប្រួល បានធ្វើឱ្យផ្សិត White Truffles ដែលជាផ្សិតថ្លៃជាងគេបំផុតលើពិភពលោកពិបាកក្នុងការដាំដុះ និងខ្វះខាតកាន់តែច្រើន។
ផ្សិត White Truffles ត្រូវបានគេរកឃើញជាញឹកញាប់នៅក្នុងទីក្រុង Alba និង Piedmont ប្រទេសអ៊ីតាលី ហើយមានក្លិនឈ្ងុយ និងរសជាតិផ្អែមប្លែក ខុសពីផ្សិតធម្មតា។ Truffle ត្រូវបានគេស្គាល់ថាជា “ស្តេចផ្សិត” ដោយសារតែតម្លៃអាហារូបត្ថម្ភរបស់វាខ្ពស់ និងក្លិនក្រអូបដែលមិនអាចបំភ្លេចបាន។ .png)
មុខម្ហូបនីមួយៗត្រូវការតែផ្សិតមួយចំណិតប៉ុណ្ណោះ ដើម្បីបញ្ចេញរសជាតិដ៏អស្ចារ្យរបស់វា។ ដោយសារតែភាពកម្រ និងរសជាតិប្លែករបស់វា តម្លៃផ្សិតនេះគឺថ្លៃជាងដុំមាសទៅទៀត ដែលមានតម្លៃរហូតដល់ ៤,៧៩០ ដុល្លារអាមេរិកឯណោះក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ តំបន់ដែលសម្បូរទៅដោយផ្សិត White Truffles នៅក្នុងប្រទេសអ៊ីតាលីបានថយចុះ ៣០% បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ 
មូលហេតុនៃការថយចុះរបស់ផ្សិតថ្លៃជាងគេលើពិភពលោកគឺដោយសារការប្រែប្រួលអាកាសធាតុ។ ការឡើងកំដៅផែនដី ការកាប់បំផ្លាញព្រៃឈើ និងការប្រែប្រួលសីតុណ្ហភាពភ្លាមៗ គឺជាកត្តារួមចំណែកដល់ការចុះខ្សោយនៃជម្រកធម្មជាតិរបស់ផ្សិតនេះ។ មិនដូចផ្សិតធម្មតាផ្សេងទៀតទេ White Truffles ដុះនៅក្រោមដី ស៊ីសង្វាក់ជាមួយដើមឈើរឹងដោយតោងឫសរបស់វា ដើម្បីរស់បាន ហើយវាក៏ត្រូវការបរិយាកាសត្រជាក់ និងសើមខ្លាំងផងដែរ ខណៈបច្ចុប្បន្នអាកាសធាតុក្តៅរយៈពេលយូរកំពុងគំរាមកំហែងដល់ការដាំដុះ ធ្វើឱ្យផ្សិតខ្វះខាតកាន់តែច្រើន និងឈានទៅរកការផុតពូជ។
អ្នកស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិ Edmondo Bonelli បានចែករំលែកថា៖ «ប្រសិនបើយើងចង់ការពារកុំឱ្យផ្សិត White Truffles បាត់ខ្លួនឬផុតពូជ យើងត្រូវតែការពារព្រៃឈើ បញ្ឈប់ការបំពុលប្រភពទឹក និងដាំដើមឈើថ្មីឱ្យបានច្រើនដើម្បីស្ដារឡើងវិញនូវភាពចម្រុះនៃអេកូឡូស៊ី និងដើម្បីឱ្យមានសំណើមគ្រប់គ្រាន់ក្នុងការដាំដុះផ្សិតនេះឡើងវិញ»៕










