ឡូយ ចាន់រស្មី កញ្ញាឯកកម្ពុជា២០២៤ ឬ Miss Cambodia 2024 បានចេញមុខបកស្រាយពីមូលហេតុដែលកញ្ញាជ្រើសយកបទ Call me papa របស់ ឧកញ៉ា ខេមរៈ សិរីមន្ត និងបទ រាំញីកែងជើង របស់ ជី ដេវីត រាំនៅលើឆាកអន្តរជាតិក្នុងវគ្គ Talent Show ។ កញ្ញាថា បទទាំងពីរគឺសប្បាយផ្តល់ភាពរីករាយជូនអ្នកទស្សនា ទាក់ទាញឱ្យបេក្ខភាពផ្សេងមករាំជាមួយនឹងធ្វើឱ្យវីដេអូកាន់តែទទួលបានការចាប់អារម្មណ៍។
ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចែករំលែកពីកញ្ញា ឡូយ ចាន់រស្មី ដែលកំពុងតំណាងប្រទេសកម្ពុជាចូលរួមប្រកួត Miss International 2024 នៅលើទឹកដីប្រទេសជប៉ុនបានរាំបទ Call Me Papa របស់តារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។ កុំឱ្យអ្នកគាំទ្រមួយចំនួនម៉ងសៅច្រើនទាក់ទងនឹងការជ្រើសបទចម្រៀងរបស់ខ្លួន Miss Cambodia 2024 បានចេញមុខបកស្រាយពីរឿងរ៉ាវនេះ។

កាលពីល្ងាចថ្ងៃទី៤ វិច្ឆិកា កញ្ញា ឡូយ ចាន់រស្មី បានចេញវីដេអូដោយបានបកស្រាយថា «នាងមានអារម្មណ៍សប្បាយចិត្តដែលបច្ចុប្បន្នវីដេអូរបស់កម្ពុជាមានអ្នកមើលច្រើនជាងគេនៅលើហ្វេកប៊ុក។ ចំណែកហេតុផលមិនយកបទបែបបុរាណមករាំនៅលើឆាកអន្តរជាតិដោយសារតែនាងជាអ្នកប្រកួតផ្ទាល់ហើយមានអ្នកដឹកនាំក្នុងកម្មវិធីបានប្រាប់ថាប្រសិនជាយើងអាចយកបទចម្រៀងណា របាំណាដែលយើងអាចប្រមូលបេក្ខភាពផ្សេងមកឱ្យរាំជាមួយយើងបានគឺសប្បាយ ល្អ ហើយម្យ៉ាងទៀតគឺបានបង្ហាញពីភាពនៃភាពចេះសម្របសម្រួលឱ្យចេះចុះសម្រុងគ្នា ការសហការគ្នា បង្ហាញអ្វីមួយទោះបីជាយើងមានសញ្ជាតិជាតិសាសន៍ផ្សេងគ្នា»។
Miss Cambodia 2024 លើកឡើងទៀតថា ក្នុងវគ្គ Talent Show អ្នករាំបែបប្រពៃណីមានច្រើនហើយបើរាំបែបបុរាណទៀតអាចនឹងមិនសូវទទួលបានការចាប់អារម្មណ៍ ទើបនាងជ្រើសយកបទ Call me papa ឬហៅថាបទ បាញ់ស្នេហ៍ និងបទរាំញីកែងជើង យកមកបង្ហាញហើយបទទាំងពីរគឺផ្តល់នូវភាពសប្បាយរីករាយដល់អ្នកទស្សនា នៅពេលវីដេអូរបស់យើងមានច្រើនជនជាតិចូលគ្នា ចឹងហ្វេនៗរបស់ពួកគាត់នឹងចូលខម្មិន ហើយវីដេអូមានការចូលខម្មិនច្រើន មើលច្រើន ដូច្នេះវីដេអូខាងកម្ពុជានឹងផ្ទុះ»។
គួរបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួត Miss international 2024 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសជប៉ុនដែលមានបេក្ខភាពសរុបចំនួន៧៣នាក់។ កាលពីឆ្នាំមុនកម្មវិធីប្រកួតនេះគឺមានកញ្ញា សំណាង អេលីណា ជាអ្នកតំណាងកម្ពុជាចូលរួមប្រកួតនិងបានជាប់TOP16ក្នុងកម្មវិធី៕