ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន CNN រាយការណ៍ថា ប្រទេសរុស្ស៊ីបានប្តឹ.ង Google គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំលើពិភពលោក ឱ្យបង់ប្រាក់យ៉ាងច្រើនមហាសាល ស្មើរហូតដល់ ២ម៉ឺន លាន លាន លាន លាន លាន ដុល្លារអាមេរិក (ឬ ២០ ដេស៊ីលានដុល្លារ) (២0,000,000,000,000,000,000,000,000,000,000,000 ដុល្លារ) ពីករណី Google បិទប្រព័ន្ធផ្សព្វផ្សាយ YouTube ជាច្រើនដែលគាំទ្ររដ្ឋាភិបាលរុស្ស៊ី ។
សារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី ឈ្មោះ TASS រាយការណ៍ថា កន្លងមក តុលាការរុស្ស៊ីបានកាត់ក្តីឱ្យ Google បើកដំណើរការឡើងវិញសម្រាប់ប្រព័ន្ធ YouTube ចំនួន១៧ ដែលគាំទ្ររដ្ឋាភិបាលរុស្ស៊ី ក្រោយពី Google បានបិទ YouTube រុស្ស៊ី កាលពីឆ្នាំ២០២២ ពីព្រោះ Google ពុំគាំទ្រឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឈ្លានពានអ៊ុយក្រែន ។ តុលាការរុស្ស៊ីបញ្ជាក់ថា បើ Google មិនបើក YouTube ទាំងនេះវិញទេ រុស្ស៊ីនឹងប្តឹង Google ឱ្យបង់ប្រាក់ថែមទៀត ។.png)
សារព័ត៌មាននេះរាយការណ៍បន្តថា សូម្បតែលោក Dmitry Peskov មន្ត្រីនាំពាក្យរដ្ឋាភិបាលរុស្ស៊ី ក៏ពុំអាចអានចំនួនតួលេខទឹកប្រាក់ដ៏ច្រើននេះបានដែរ ។ តុលាការរុស្ស៊ីបានកាត់ក្តីឱ្យ Google បើកដំណើរការប្រព័ន្ធផ្សព្វផ្សាយ YouTube របស់រុស្ស៊ីឡើងវិញ ក្នុងរយៈពេល៩ខែ ហើយបើ Google មិនធ្វើតាមទេនោះ ចំនួនប្រាក់នេះនឹងកើនឡើងទ្វេដង ក្នុង១សប្តាហ៍ ។
កាលពីថ្ងៃទី៣១ ខែតុលា កន្លងមក លោក Dmitry Peskov មន្ត្រីនាំពាក្យរដ្ឋាភិបាលរុស្ស៊ីនិយាយថា រុស្ស៊ីប្តឹងទាមទារប្រាក់យ៉ាងច្រើនពី Google គឺដើម្បីបញ្ជាក់ថា Google ពុំគួរបិទប្រព័ន្ធ YouTube របស់រុស្ស៊ីទេ ។ រីឯ Google បញ្ជាក់ថា ការប្តឹងរបស់រុស្ស៊ីគ្មានផលប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុនទេ ។.png)
គួរបញ្ជាក់ថា ក្រោយពីរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន Google បានកាត់បន្ថយការងារខ្លះៗនៅរុស្ស៊ី ប៉ុន្តែ Google ពុំបានដកទីតាំងចេញពីរុស្ស៊ី ដូចក្រុមហ៊ុនផ្សេងៗរបស់អាមេរិកទេ ។ ហេតុនេះ ទើបរុស្ស៊ីនៅតែអាចប្រើប្រាស់សេវាកម្មផ្សេងៗរបស់ Google ដូចជា ៖ YouTube និង Google Search ។
ចំនួនប្រាក់ដែលរុស្ស៊ីប្តឹង Google ឱ្យបង់នេះ គឺជាការទាមទារប្រាក់យ៉ាងច្រើនមហាសាល ដែលពុំធ្លាប់មាននៅលើពិភពលោក ។ បើប្រៀបធៀបជាមួយផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក គឺចំនួនប្រាក់នេះច្រើនជាង GDP របស់ពិភពលោក ទៅទៀត ៕










