ដូចមហាជនជ្រាបមកហើយថារឿងភាគខ្មែរ កូនប្រសារស្រី របស់អ្នកស្រី ពាន់ ភួងបុផ្ផា បានផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីរឿងនេះយកមកចាក់បញ្ចាំងឡើងវិញនៅលើយូធូប។ 
តួឯកស្រីក្នុងរឿងនេះដែលសម្តែងដោយអ្នកនាង នី មុល្លីកា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាទោះបីជារឿងនេះសម្តែងដោយអ្នកនាងផ្ទាល់ក្តីប៉ុន្តែពេលទស្សនាខ្លួនឯងនៅតែយំដដែល។ ចំណែកឯបងថ្លៃចិត្តអាក្រក់ដែលសម្តែង ដោយអ្នកគ្រូ ចាន់ថេត បានបង្ហាញអារម្មណ៍ថា អៀនយ៉ាងខ្លាំង។
ជីវិតពិតផ្ទុយស្រឡេះពីក្នុងរឿងដែលជាតួឯកស្រីឈ្មោះ ភា ត្រូវកម្សត់រងទុក្ខឥតល្ហែរពីម្តាយក្មេកនិងបងថ្លៃស្រីប៉ុន្តែបច្ចុប្បន្ន អ្នកនាង នី មុល្លីកា កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមីកូនៗនៅលើទឹកដីមហាអំណាចសហរដ្ឋអាម៉េរិក យូរៗម្តងអ្នកនាងក៏បាននាំស្វាមីនិងកូនៗមកកម្សាន្តនៅប្រទេសខ្មែរផងដែរ។ ស្របពេលរឿង កូនប្រសារស្រី ដែលអ្នកនាងសម្តែងផ្ទុះឡើងវិញនេះអ្នកនាងបានបង្ហាញអារម្មណ៍រំភើបចិត្តរបស់ខ្លួនដែលមានការគាំទ្រយ៉ាងខ្លាំងដូចនេះ។ តួឯកស្រី កូនប្រសារស្រី បាននិយាយទៀតថា អ្នកនាងមើលរឿងខ្លួនឯងហើយក៏អ្នកនាងនៅតែយំដែរ។
ងាកមកកាន់បងថ្លៃស្រីក្នុងរឿងខ្មែរ កូនប្រសារស្រី ឈ្មោះចែហុងវិញក៏ទទួលបាននូវការចាប់អារម្មណ៍ដូចគ្នាគឺការខឹងស្អប់របស់មហាជនដោយសារតែធ្វើបាបតួស្រីជាប្អូនថ្លៃពេក។ គ្រាន់តែជាការសម្តែងប៉ុន្តែបងថ្លៃរូបនេះគឺជាអ្នកគ្រូ ចាន់ថេត ជាគ្រូបង្រៀនម្នាក់នៅវិទ្យាល័យបាក់ទូកដែលបានបណ្តុះធនធានមនុស្សជាច្រើន។
អ្នកគ្រូ ជិន ចាន់ថេត បានមានប្រសាសន៍ថា នៅពេលរឿងនេះផ្ទុះខ្លាំងបែបនេះគឺពិតជាមានអារម្មណ៍រំភើបចិត្តជាខ្លាំងដែលទស្សនិកជនគាំទ្រនិងសំណូមពរឱ្យសាធារណជនគាំទ្រនូវសិល្បៈខ្មែរលើកតម្កើងវប្បធម៌ខ្មែរ។ ចំពោះទស្សនិកជនដែលខឹងចូលទៅតាមសាច់រឿង អ្នកគ្រូ បានបង្ហាញអារម្មណ៍ថា អៀនខ្លួនដែរ ពេលគេជេរច្រើនប៉ុន្តែបានទប់អារម្មណ៍មកវិញថានេះជាកំហឹងរបស់ទស្សនិកជនគាត់ខំតាមដានរឿង ជក់ចិត្ត ជាពិសេសគឺយើងសម្តែងទៅសមល្អពេកទើបមានការគុំបែបនេះ៕










