ប្រទេសឥណ្ឌូនេស៊ី៖ កាលពីសប្តាហ៍មុនឥណ្ឌូនេស៊ីបានប្រកាសហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ខណៈកាលពីពេលថ្មីៗនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក៏បានប្រកាសហាមមិនឱ្យលក់ស្មាតហ្វូន Google Pixel ផងដែរ។.png)
យោងតាមបទប្បញ្ញត្តិរបស់ឥណ្ឌូនេស៊ី ស្មាតហ្វូនមួយចំនួនដែលលក់នៅក្នុងប្រទេសនេះត្រូវតែមានយ៉ាងហោចណាស់ ៤០ % នៃសមាសធាតុដែលផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះ Google Pixel និង iPhone 16 មិនបានបំពេញតាមតម្រូវការនេះទេ មានន័យថា ពួកគេមិនបានបំពេញតាមច្បាប់របស់ប្រទេស ស្តីពីការប្រើប្រាស់សមាសធាតុផលិតក្នុងស្រុកឡើយ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា លោក Febri Hendri Antoni Arief អ្នកនាំពាក្យក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ីបាននិយាយថា “យើងកំពុងលើកកម្ពស់បទប្បញ្ញត្តិទាំងនេះដើម្បីធានាបាននូវភាពយុត្តិធម៌សម្រាប់អ្នកវិនិយោគទាំងអស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី” ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា៖ «ផលិតផល Google មិនគោរពតាមបទប្បញ្ញត្តិ ដូច្នេះមិនអាចលក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានទេ»។.png)
Febri បានបន្តទៀតថា អ្នកប្រើប្រាស់អាចទិញទូរស័ព្ទ Google Pixel នៅបរទេសបាន ដរាបណាពួកគេបង់ពន្ធគ្រប់គ្រាន់។ លោកក៏បានបន្ថែមថា ប្រទេសនឹងពិចារណាបិទទូរស័ព្ទដែលលក់ដោយខុសច្បាប់។ គួររំលឹកដែរថា ការហាមឃាត់នេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីបានប្រកាសហាមឃាត់ការលក់ iPhone 16 ក្នុងស្រុកសម្រាប់ហេតុផលដូចគ្នា។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន Google និង Apple មិនស្ថិតក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីទេ។ ក្រុមហ៊ុនស្រាវជ្រាវ IDC បាននិយាយថា មានតែក្រុមហ៊ុន Oppo និង Samsung ប៉ុណ្ណោះដែលនៅតែអាចគ្រប់គ្រងទីផ្សាររបស់ប្រទេសនេះបាន។ ឥណ្ឌូណេស៊ីមានប្រជាជនច្រើន និងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា នេះធ្វើឱ្យសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ក្លាយជាទីផ្សារគោលដៅដ៏សំខាន់សម្រាប់ការវិនិយោគបច្ចេកវិទ្យា៕










