សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន ថ្មបានក្លាយជាផ្នែកមួយនៃជីវិតរបស់យើង ដូចជា ៖ ថ្មទូរស័ព្ទ, ថ្មសម្ភារៈអេឡិចត្រូនិក និងថ្មរថយន្តអគ្គិសនី ប៉ុន្តែបញ្ហាធំរបស់ថ្មទាំងនេះ គឺសមត្ថភាពថ្មនឹងថយចុះនៅពេលប្រើប្រាស់វាកាន់តែយូរ ។ ហេតុនេះ យើងក៏បោះវាចោល និងទិញថ្មថ្មីទៀតមកប្រើប្រាស់ ។
យើងឃើញថា បើទោះជាយើងមានវិធីថែទាំថ្មទូរស័ព្ទរបស់ខ្លួន ដើម្បីឱ្យប្រើប្រាស់បានយូរ ដូចជា ៖ ការរក្សាកម្រិតថ្ម ចាប់ពី៣០% ទៅ៧០% ឬប្រើប្រាស់វិធីផ្សេងក្តី ប៉ុន្តែចុងក្រោយ ថ្មទូរស័ព្ទនៅតែខូចដដែល ហើយយើងក៏ត្រូវបោះវាចោលឱ្យក្លាយជាសំរាមយ៉ាងច្រើន ។.png)
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានរកឃើញវិធីជួយឱ្យថ្មស៊ីលីកូន ដំណើរការឡើងវិញ ដោយអ្នកស្រាវជ្រាវបានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវរបស់ខ្លួនក្នុងទស្សនាវដ្តី Science ។ អ្នកស្រាវជ្រាវអាមេរិកនិយាយថា មូលហេតុធ្វើឱ្យថ្មស៊ីលីកូន ខូចប្រើប្រាស់លែងកើត គឺដោយសារភាគល្អិតស៊ីលីកូន នៅផ្នែកខាងក្នុងថ្មបែក ហើយវាពុំអាចផ្ទុកចរន្តអគ្គិសនីបានបន្តទៀត ។
ប៉ុន្តែអ្នកស្រាវជ្រាវរកឃើញថា ការប្រើប្រាស់ចរន្តអគ្គិសនីបែប Pulse ក្នុងរយៈពេលសមស្របប្រមាណ៥នាទី នឹងអាចជួយឱ្យភាគល្អិតស៊ីលីកូន តភ្ជាប់គ្នាវិញបាន ។ តាមការសាកល្បងជំហានដំបូងឃើញថា វិធីនេះអាចជួយឱ្យថ្មទូរស័ព្ទខូចៗដំណើរការឡើងវិញរហូតដល់៣០% ។.png)
គួរបញ្ជាក់ថា ការប្រើប្រាស់ចរន្តអគ្គិសនីបែប Pulse គឺជាការបញ្ជូនចរន្តអគ្គិសនីតាមការកំណត់ ដែលស្រដៀងគ្នានឹងចង្វាក់ជីពចរ ។ លក្ខណៈសំខាន់របស់វា គឺមានពេលវេលាបើក-បិទ, មានប្រេកង់ត្រឹមត្រូវ និងទំហំចរន្តអគ្គិសនី ហើយយើងអាចកំណត់លក្ខណៈទាំងនេះបាន លុះត្រាតែប្រើប្រាស់ឧបករណ៍ឯកទេស ។
នេះជាការចាប់ផ្តើមប្រមូលថ្មខូចគុណភាពយកមកប្រើប្រាស់ឡើងវិញ និងអាចជួយកាត់បន្ថយសំរាមអេឡិចត្រូនិកបានមួយចំនួន ។ ការរកឃើញរបស់អ្នកស្រាវជ្រាវអាមេរិកនេះ អាចជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មឱ្យកាន់តែមានគុណភាព និងពុំចាំបាច់ផ្លាស់ប្តូរថ្មសម្ភារៈអេឡិចត្រូនិកញឹកញាប់ នាថ្ងៃអនាគត ៕










