ប្រទេសអាល្លឺម៉ង់ ៖ យើងឃើញថា បច្ចុប្បន្ន បច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័ស មិនថាបច្ចេកវិទ្យាមនុស្សយន្ត, សម្ភារៈអេឡិចត្រូនិក និងការទំនាក់ទំនង ហើយវាធ្វើឱ្យមនុស្សកាន់តែមានភាពងាយស្រួលខ្លាំងឡើង ។ ជាក់ស្តែង ក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះ GoodBytz បានផលិតចង្ក្រានបាយស្វ័យប្រវត្តិអាចចម្អិនអាហាររហូតដល់ជាង១០០មុខ តាមរយៈការបញ្ជាលើអេក្រង់ ។
មន្ទីរពេទ្យ Tuebingen នៅប្រទេសអាល្លឺម៉ង់ ក៏បានទិញចង្ក្រានបាយនេះមកប្រើប្រាស់ផងដែរ ព្រោះចង់ឱ្យគ្រូពេទ្យបានបរិភោគអាហារទើបចម្អិនថ្មីៗគ្រប់ពេលវេលា ដោយសារគ្រូពេទ្យបានបំពេញការងារនឿយហត់ និងពុំទៀងទាត់ពេលវេលា ។
ចង្ក្រានបាយស្វ័យប្រវត្តិនេះមានដៃម៉ាស៊ីនសម្រាប់ចម្អិនអាហារចំនួន១២០មុខ និងចំណាយរយៈពេលខ្លី ដោយការប្រើប្រាស់គ្រឿងផ្សំដែលមនុស្សត្រៀមទុក ។ គេអាចប្រើប្រាស់ចង្ក្រានបាយស្វ័យប្រវត្តិឱ្យចម្អិនអាហារ២៤ម៉ោងលើ២៤ម៉ោង ដោយការបញ្ជាកម្មវិធីក្នុងអេក្រង់ ហើយពេលអាហារឆ្អិន វានឹងបញ្ជូនឱ្យមនុស្ស ។.png)
ក្រុមហ៊ុន GoodBytz បានផលិតចង្ក្រានបាយស្វ័យប្រវត្តិមានទំហំធំ ដែលផ្នែកខាងក្រោយរបស់ចង្ក្រាននេះ គឺជាទូរទឹកកកអាចបែងចែកបន្លែ និងគ្រឿងផ្សំតាមប្រភេទ ។ បន្ទាប់មក វានឹងយកគ្រឿងផ្សំទាំងនេះដាក់ចូលក្នុងឆ្នាំងដើម្បីចម្អិន ក្រោយការចុចបញ្ជាតាមកញ្ចក់អេក្រង់នៅផ្នែកខាងមុខ ។
អាហារចម្អិនដោយចង្ក្រានបាយស្វ័យប្រវត្តិ មានដូចជា ៖ អាហារអាល្លឺម៉ង់ និងអាហារនៅអាស៊ីជាច្រើនមុខ ។ ក្រុមហ៊ុនបញ្ជាក់ថា ការផលិតចង្ក្រានបាយស្វ័យប្រវត្តិ មិនមែនសម្រាប់ជំនួសចុងភៅទេ ប៉ុន្តែវាជាជម្រើសមួយទៀតសម្រាប់អ្នកបរិភោគ ដូចជា ៖ វេជ្ជបណ្ឌិត និងគ្រូពេទ្យ ដែលពួកគេបំពេញការងារពុំទៀងទាត់ពេលវេលា និងគ្មានពេលចម្អិនអាហារ ។
ចង្ក្រាននេះអាចដំណើរការបានគ្រប់ពេលវេលា មិនថាពេលព្រឹក ឬពេលល្ងាច ហើយការចម្អិនអាហារ គឺចាប់ផ្តើមពីការយកសាច់ និងបន្លែមកឆា, ចៀន រួចហើយដាក់គ្រឿងផ្សំ ដែលប្រើប្រាស់ឆ្នាំង ចំនួន៨ ។ ក្រុមហ៊ុនបានលក់ចង្ក្រាននេះតាំងពីខែឧសភា ឆ្នាំ២០២៤ មកម៉្លេះ ៕










