ក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបណ្តេញយុវជនកូរ៉េខាងត្បូងមួយរូបពីព្រះរាជាណាចក្រកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀត។

យុវជននោះមានឈ្មោះថា CHOI TAEWON ត្រូវបានក្រុមគ្រួសារ ស្នើសុំសិទ្ធសុំអន្តរាគមន៍ ដោយអះអាងថា៖”យុវជនCHOI TAEWON បាននឹងកំពុងជាប់បង្ខាំងនៅទីតាំងមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល”។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្វែងរកបុគ្គលខាងលើតាមដោយឃើញថា យុវជននេះកំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះទេ។

បើតាមការបំភ្លឺរបស់យុវជន CHOI TAEWON បានលើកឡើងថា៖” ខ្លួនមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ដែលទទួលបានប្រាក់ខែខ្ពស់។ ចំពោះមូលហេតុដែលនាំឱ្យគ្រួសារស្នើសុំអន្តរាគមន៍ ក៏ព្រោះតែខ្លួនមិនបានទំនាក់ទំនងជាមួយគ្រួសារ ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការ”។

ចំពោះ សញ្ញាណនៃការបង្ខាំងមនុស្សដោយខុសច្បាប់ ឬធ្វើទារុណកម្ម ដូចអ្វីដែលម្តាយរបស់សាមីយុវជន CHOI TAEWON បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីស្នើសុំជួយអន្តរាគមន៍ ជាព័ត៌មានបំភ្លៃនោះទេ៕