សហរដ្ឋអាមេរិក៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិកជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះហើយ ដោយលទ្ធផលត្រូវបានចាត់ទុកថាជាការលំបាកក្នុងការទស្សន៍ទាយ ខណៈដែលបេក្ខជនមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យពីររូបគឺលោក Donald Trump និងលោកស្រី Kamala Harris កាលពីកន្លងទៅគឺទទួលបានការស្ទង់មតិប្រហាក់ប្រហែលគ្នា។
ទោះជាយ៉ាងណាអ្នកទាំងពីរសុទ្ធតែប្តេជ្ញាជំរុញសេដ្ឋកិច្ចអាមេរិក ប៉ុន្តែលោកស្រី Harris ប្រសិនបើជាប់ឆ្នោតគឺចង់ធ្វើបែបនេះតាមរយៈការផ្លាស់ប្តូរតូចៗ ដូចជាការបង្កើនការលើកទឹកចិត្តផ្នែកពន្ធសម្រាប់អ្នកដែលចិញ្ចឹមកូន ការបង្កើនប្រាក់ឈ្នួលអប្បបរមា ការកសាងលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងការលើកកម្ពស់ការផ្តល់ប្រាក់កម្ចីអាជីវកម្មខ្នាតតូចជាដើម។
ទន្ទឹមនឹងនេះ សំណើគោលនយោបាយរបស់លោក Trump ត្រូវបានវាយតម្លៃថាខ្លាំង មានន័យថា ប្រសិនបើ Trump ជាប់ឆ្នោត លោកនឹងធ្វើការការផ្លាស់ប្តូរដូចជា និរទេសជនអន្តោប្រវេសន៍មួយចំនួនធំ ការដាក់ពន្ធនាំចូលខ្ពស់ ការកាត់បន្ថយពន្ធសម្រាប់អាជីវកម្មក្នុងស្រុក និងប្រជាជន។ ប្រសិនបើ Trump ជាប់ឆ្នោតឡើងវិញ គោលនយោបាយទាំងនេះត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើផលិតផលក្នុងស្រុកសរុប ពាណិជ្ជកម្ម និងហិរញ្ញវត្ថុសកល។

យោងតាម Bloomberg ប្រសិនបើ Trump អនុវត្តគោលការណ៍ កាត់បន្ថយជនអន្តោប្រវេសន៍អាចជារឿងល្អ ប៉ុន្តែបើការដាក់ពន្ធនាំចូលខ្ពស់ អាចជារឿងមិនល្អនោះទេ។ ព្រោះដោយសារតែពន្ធនាំចូលខ្ពស់នឹងធ្វើឱ្យអតិផរណាបង្កើនល្បឿន ប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក ក៏ដូចជាអាជីវកម្មដែលពឹងផ្អែកលើវត្ថុធាតុដើមនាំចូល និងទំនិញកម្រិតមធ្យមដើម្បីបង្កើតផលិតផលសម្រេច។ នៅទូទាំងពិភពលោក ពន្ធអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទាំងមូល ដែលបង្កឱ្យមានការសងសឹកពីដៃគូពាណិជ្ជកម្ម។
ហេតុនេះការការដាក់ពន្ធនាំចូលខ្ពស់ នឹងកាត់បន្ថយកំណើនពិភពលោកចំនួន ១% នៅឆ្នាំ ២០២៦។ ដោយផ្អែកលើនិន្នាការបច្ចុប្បន្ន ការកាត់បន្ថយនេះគឺស្មើនឹង ៣០% នៃកំណើន GDP ពិភពលោក។ ទោះជាយ៉ាងណាសំណើគោលនយោបាយរបស់អតីតប្រធានាធិបតីអាមេរិករូបនេះត្រូវបានគេព្យាករណ៍ថានឹងជួយឱ្យប្រាក់ដុល្លារមានភាពរឹងមាំឡើងវិញ ប៉ុន្តែនឹងអូសទាញកំណើន GDP និងពាណិជ្ជកម្មសកលទាបជាមុន ប្រសិនបើលោកជាប់ឆ្នោត៕










