ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាធូលីកខ្វក់លើអាកាស មុនពេលប្រទេសថៃចូលដល់រដូវរងា ។ ក្រៅពីនេះ សមត្ថកិច្ចត្រូវចាប់រថយន្តបញ្ចេញផ្សែងខ្មៅ និងបញ្ឈប់ការទិញទិន្នផលកសិកម្មដែលទទួលបានការពីដុតស្មៅក្នុងចម្ការ ។
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានចាត់តាំងលោក ប្រាសីទ ចាន់ថារ៉ាវង្ស ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ច និងសង្គម ព្រមទាំងលោក ឆាឡឺមឆ័យ ស្រ៊ីអន រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ដោយធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធពន្លឿនដោះស្រាយបញ្ហាធូលីកខ្វក់លើអាកាសឱ្យបានមុនរដូវរងា ។
លោកស្រីនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងផ្នែកកសិកម្មផងដែរថា តើថៃគួរតែមានវិធានការដូចម្តេច? ដូចជា ៖ ពុំទិញផ្លែពោត និងអំពៅ ដែលបានមកពីការដុតស្មៅក្នុងចម្ការទាំងក្នុងប្រទេសថៃ និងប្រទេសជិតខាង ព្រមទាំងដោះស្រាយបញ្ហាផ្សែងខ្មៅចេញពីរថយន្ត និងរោងចក្រឧស្សាហកម្ម ។
ក្រៅពីនេះ លោកស្រីបានស្នើសុំការសហការជាមួយក្រសួងនានា ជាពិសេស ក្រសួងគមនាគមន៍ ត្រូវតែរឹតបន្តឹង និងចាប់រថយន្តផ្សែងខ្មៅ ព្រមទាំងកំណត់វិធានការគ្រប់គ្រងរោងចក្រយ៉ាងតឹងរ៉ឹង ដើម្បីកាត់បន្ថយធូលីកខ្វក់លើអាកាស ។
ប្រទេសថៃនឹងមានធូលីកខ្វក់ក្នុងពេលផ្លាស់ប្តូររដូវកាល គឺពីរដូវរងាទៅរដូវក្តៅ ។ នៅចុងរដូវរងាជារៀងរាល់ឆ្នាំ ថៃនឹងគ្របដណ្តប់ដោយសម្ពាធខ្ពស់ ឬខ្យល់ត្រជាក់ពីប្រទេសចិន ហើយខ្យល់មូសុងឦសាននឹងគ្របដណ្តប់ប្រទេសថៃ ជាពិសេស តំបន់ភាគខាងជើងនឹងមានសីតុណ្ហភាពធ្លាក់ចុះ ព្រមទាំងមានអាកាសធាតុត្រជាក់ ។.png)
ប៉ុន្តែពេលខ្លះ សម្ពាធខ្យល់ខ្ពស់ដែលគ្របដណ្តប់តំបន់ទាំងនេះបានចុះខ្សោយកម្លាំង និងធ្វើឱ្យកម្លាំងខ្យល់មូសុងឦសានធ្លាក់ចុះ ព្រមទាំងមានកម្រិតសីតុណ្ហភាពទាប ទើបធ្វើឱ្យចរន្តខ្យល់មិនល្អ ។ ហេតុនេះ វាក៏បង្កឱ្យមានការប្រមូលផ្តុំធូលីកខ្វល់លើអាកាសកាន់តែច្រើន ។
តាមមន្ត្រីជំនាញបញ្ជាក់ថា ធូលីកខ្វក់មានប្រភពមកពីបំពង់ស៊ីម៉ាំងរថយន្ត, រោងចក្រឧស្សាហកម្ម និងការដុតស្មៅក្នុងចម្ការ ហើយធូលីនឹងប៉ះពាល់សុខភាពមនុស្សយ៉ាងខ្លាំង ពីព្រោះវាអាចចូលក្នុងសួតយ៉ាងងាយស្រួល ។ បើទោះជាវាមិនបង្កឱ្យឈឺភ្លាមៗក្តី ប៉ុន្តែការសន្សំធូលីក្នុងសួតរយៈពេលយូរ នឹងបណ្តាលឱ្យកើតជំងឺផ្សេងៗ ដូចជា ៖ ជំងឺផ្លូវដង្ហើម, សរសៃឈាម ប្រព័ន្ធបេះដូង និងប្រសាទ ៕










