ប្រទេសឥណ្ឌា ៖ គេហទំព័រ LADbible បានផ្សព្វផ្សាយពីរឿងរ៉ាវរបស់វិមានលើអាកាសដ៏ធំស្កឹមស្កៃស្ថិតនៅលើកំពូលអគារខ្ពស់មួយកន្លែង ដែលម្ចាស់វិមានបានចំណាយប្រាក់អស់ប្រមាណ១៩លានដុល្លារអាមេរិក ប៉ុន្តែគ្មានឱកាសរស់នៅ ។ វាក៏ជាសំណួរមួយដែលមនុស្សភាគច្រើនចង់ដឹងចម្លើយយូរមកហើយ ។
កាលពីឆ្នាំ២០១០ លោក Vijay Mallya ជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់បានសាងសង់វិមានធំមួយនៅលើកំពូលអគារ Kingfisher Tower ស្ថិតនៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ។ វិមានដ៏ប្រណីតនេះត្រូវបានសាងសង់ឡើងឱ្យមានលក្ខណៈដូចសេតវិមាន ដោយមានអាងហែលទឹកធំទូលាយ, ចំណតឧទ្ធម្ភាគចក្រ និងសួនដ៏ស្រស់ស្អាត ហើយវិមាននេះសាងសង់ដាច់ដោយឡែក ពុំពាក់ព័ន្ធជាមួយអាផាតមិន ខាងក្រោមទេ ។

ប៉ុន្តែរឿងនឹកស្មានមិនដល់បានកើតឡើង ដោយសារលោក Vijay ជាម្ចាស់វិមានគ្មានឱកាសបានមករស់នៅក្នុងវិមានរបស់ខ្លួនទេ ។ រីឯមូលហេតុ គឺកាលពី៨ឆ្នាំមុន លោក Vijay បានរត់គេចខ្លួនពីប្រទេសឥណ្ឌាទៅរស់នៅអង់គ្លេស ក្រោយពីលោកពុំបានសងបំណុលស្មើទឹកប្រាក់ជាង១លានដុល្លារអាមេរិក ។ ក្រៅពីនេះ លោកក៏បានរងការចោទប្រកាន់ជាច្រើនករណីទៀត រួមទាំងករណីក្លែងបន្លំ ។
កាលពីឆ្នាំ២០២៣ លោក Tom Tugendhat រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសទទួលបន្ទុកសន្តិសុខ ត្រូវបានមហាជនសាកសួរពីករណីលោកបញ្ជូនលោក Vijay ត្រឡប់ទៅឥណ្ឌាវិញ ។ លោក Tom ថ្លែងថា ប្រទេសអង់គ្លេស មិនមែនជាកន្លែងរស់នៅរបស់មនុស្សគេចការកាត់ក្តីរកភាពយុត្តិធម៌ទេ ។
លោក Tom បាននិយាយមកកាន់សារព័ត៌មាន Press Trust of India ថា ៖ «ប្រទេសទាំងពីរ (គឺអង់គ្លេស និងឥណ្ឌា) ត្រូវតែអនុវត្តតាមច្បាប់ ហើយរដ្ឋាភិបាលអង់គ្លេសមានគោលជំហរច្បាស់លាស់ថា អង់គ្លេសមិនមែនជាកន្លែងលាក់ខ្លួនរបស់អ្នករត់គេចពីផ្លូវច្បាប់ទេ» ។
រហូតមកដល់ឆ្នាំ២០២៤ វិមានលើអាកាសនេះនៅតែត្រូវបានទុកចោល ហើយមានពាក្យចចាមអារ៉ាមថា លោក Vijay ជាម្ចាស់វិមានពុំធ្លាប់បានឡើងលើអគារនេះទាល់តែសោះ ។
Irfan Razak ជាប្រធានក្រុមហ៊ុន Prestige Estates Projects ដែលបានចូលរួមសាងសង់វិមាននេះ និយាយថា ៖ «ការសាងសង់វិមានលើអាកាសដ៏ធំនេះមានបញ្ហាប្រឈម ប៉ុន្តែយើងបានធ្វើតាមដូចការគ្រោងទុកទាំងអស់» ។
បើទោះជាវិមាននេះគ្មានមនុស្សរស់នៅ ប៉ុន្តែមហាជនបានសរសើរពីការសាងសង់វិមានដ៏ប្រណីត ក្នុងនោះអ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «វាជាអចលនទ្រព្យដ៏ល្អបំផុតនៅប្រទេសឥណ្ឌា វិមាននេះស្ថិតនៅកណ្តាលក្រុង និងមានសណ្ឋាគារទំនើបតម្លៃថ្លៃ, ការស្នាក់នៅបែបស៊ីវិល័យ, ជាមជ្ឈមណ្ឌលលក់ទំនិញតែមួយគត់ និងមានកន្លែងជាច្រើនទៀត» ។
អ្នកលេងបណ្តាញសង្គមផ្សេងថា ៖ «វិមានតម្លៃរាប់លានដុល្លារអាមេរិកនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ។ វាជាគំនូសម្រាប់ការរស់នៅបែបស៊ីវិល័យក្នុងទីក្រុងធំរបស់ឥណ្ឌា» ៕