សហរដ្ឋអាមេរិក ៖ ក្រោយការស្លា.ប់ តើព្រលឹងរបស់មនុស្សនឹងទៅកន្លែងណាបន្តទៀត? នេះជាសំណួរមួយដែលមនុស្សគ្រប់គ្នាមានចម្ងល់យូរមកហើយ និងចង់ដឹងចម្លើយយ៉ាងខ្លាំង ។ ហេតុនេះ គ្រូពេទ្យអាមេរិកម្នាក់បានបង្ហាញលទ្ធផលការស្រាវជ្រាវរបស់ខ្លួនបញ្ជាក់ថា ជីវិតក្រោយការស្លា.ប់ ពិតជាមានមែន ។
លោក Jeffrey Long គ្រូពេទ្យឯកទេសព្យាបាលដោយកាំរស្មី និងជំងឺមហារីកមកពីសហរដ្ឋអាមេរិក ហើយលោកចាប់អារម្មណ៍នឹងជីវិតក្រោយការស្លាប់របស់មនុស្ស និយាយថា តាមការស្រាវជ្រាវរបស់លោកបញ្ជាក់ថា ក្រោយពេលស្លាប់ ព្រលឹងនឹងចាកចេញពីរាងកាយ ។ ពេលមនុស្សម្នាក់ជិតស្លាប់នៅគ្លីនិក ហើយបេះដូងឈប់លោត គឺពួកគេបានដឹងពីអ្វីៗនៅជុំវិញខ្លួនទាំងអស់ ដូចជា ៖ មើលឃើញ, ស្តាប់ឮ, មានអារម្មណ៍ និងឆ្លើយតប ។
លោកបានចងក្រងឯកសារពាក់ព័ន្ធនឹងមនុស្សជិតស្លាប់ និងវិភាគផ្អែកលើវិទ្យាសាស្ត្រ ។ ក្រៅពីនេះ លោកបានអានអត្ថបទស្រាវជ្រាវអំពីខួរក្បាល និងពិចារណាចម្លើយតាមផ្នែកវិទ្យាសាស្ត្រ ព្រមទាំងបទពិសោធន៍ពេលមនុស្សជិតស្លាប់ វាធ្វើឱ្យលោកជឿថា ជីវិតក្រោយការស្លា.ប់ ពិតជាមានមែន ។
បើទោះជាស្ថានការណ៍ជិតស្លាប់របស់មនុស្សម្នាក់ៗខុសគ្នាក្តី ប៉ុន្តែលោកសង្កេតឃើញមានចំណុចមួយដូចគ្នា គឺមនុស្សមួយចំនួននិយាយថា អារម្មណ៍របស់ពួកគេត្រូវបានបំបែកចេញពីរាងកាយ ដោយពួកគេអាចមើលឃើញ និងស្តាប់ឮសំឡេងនៅជុំវិញខ្លួន ។.png)
លោក Jeffrey Long និយាយថា មានស្ត្រីម្នាក់សន្លប់លែងដឹងខ្លួនពេលកំពុងជិះសេះ ហើយសេះរបស់នាងក៏រត់ទៅកាន់ខ្ទមស្រែ គឺពេលនោះ អារម្មណ៍របស់នាងបានទៅជាមួយសេះដែរ ប៉ុន្តែរាងកាយរបស់នាងពុំបានទៅខ្ទមស្រែទេ ។ ពេលដឹងខ្លួនវិញ នាងអាចរៀបរាប់ពីហេតុការណ៍ដែលកើតឡើងទាំងអស់ក្នុងខ្ទមស្រែទៀតផង ។
ក្រៅពីនេះ លោក Jeffrey Long ក៏បានលើកឡើងពីមនុស្សផ្សេងទៀតដែលអះអាងថា ពួកគេធ្លាប់បានចូលក្នុងភពមួយទៀត ។ រីឯការធ្វើដំណើរទៅភពផ្សេង គឺពួកគេបានដើរនៅតាមផ្លូវមួយមានពន្លឺ និងមានសាច់ញាតិដែលលាចាកលោក ចេញមកទទួលស្វាគមន៍ ហើយឃើញពន្លឺផ្លេកៗនៅចំពោះមុខ ។
បើទោះជាបទពិសោធន៍ពាក់ព័ន្ធនឹងការជិតស្លាប់នេះក្លាយជាជំនឿបុរាណរបស់មនុស្សមួយចំនួន ប៉ុន្តែលោកបញ្ជាក់ថា ក្មេងតូចៗដែលពុំធ្លាប់ដឹងពីរឿងនេះ បែរជាអាចរៀបរាប់ពីហេតុការណ៍ជិតស្លាប់ដូចមនុស្សចាស់ ។
ដោយឡែក លោក Bruce Grayson សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Virginia សហរដ្ឋអាមេរិក ក៏បានស្រាវជ្រាវពីជីវិតក្រោយការស្លាប់ដែរ ។ ការស្រាវជ្រាវរបស់លោកបញ្ជាក់ថា ពេលជិតស្លាប់ មនុស្សមួយចំនួនបានឃើញពន្លឺ, ជួបសាច់ញាតិដែលស្លាប់ទៅហើយ និងជួបរឿងរ៉ាវជាច្រើនទៀត ។
លោកបន្តថា មនុស្សជិតស្លាប់ ចាប់ពី១០% ទៅ២០% បាននិយាយដូចៗគ្នាពីហេតុការណ៍ដែលពួកគេបានជួបប្រទះ ។ លោកបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន កាលពីឆ្នាំ២០២១ ថា ៖ «មានភស្តុតាងបញ្ជាក់ថា ពេលមនុស្សស្លាប់ នឹងមានអ្វីម្យ៉ាងនៅតែមានជីវិតបន្តទៀត» ៕










