តៃវ៉ាន់ ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ ETtoday រាយការណ៍ថា នារីលេងបណ្តាញសង្គមម្នាក់នៅតៃវ៉ាន់ បានបង្ហោះរូបភាពគួរឱ្យរន្ធ.ត់ គឺនៅលើផ្លូវដែលនាងដើរនោះពោរពេញទៅដោយកំទេចកំទីអ្វីម្យ៉ាង ។ បើក្រឡេកមើលមួយភ្លែតឃើញថា វាដូចជាកំទេចឈើដែលត្រូវខ្យល់ព្យុះបោកបក់ធ្លាក់ ប៉ុន្តែពេលមើលជិតៗឃើញថា វាជាសត្វជន្លេនពពាក់ពពូនគ្នាគួរឱ្យខ្លា.ច ។
នារីម្នាក់នេះបានចែកចាយរូបភាពរបស់ខ្លួនក្នុងបណ្តាញសង្គម និងរៀបរាប់ថា ពេលនាងកំពុងដើរនៅតំបន់ឆាងជឺ ក្នុងទីក្រុងផីងទុង ស្ថិតនៅភាគខាងត្បូងតៃវ៉ាន់ ស្រាប់តែនាងឃើញជន្លេនជាច្រើនក្បាលរហូតរាប់មិនអស់ ពពាក់ពពូនគ្នានៅលើផ្លូវជិតស្មៅ ។ ជន្លេនខ្លះនៅមានជីវិត និងកម្រើកខ្លួនចុះ-ឡើង រីឯជន្លេនខ្លះទៀតមិនកម្រើកខ្លួន វាធ្វើឱ្យនាងព្រឺសម្បុរយ៉ាងខ្លាំង ។
នាងនិយាយថា ៖ «ខ្ញុំបានឃើញជន្លេនវារពេញផ្លូវទាំងអស់ តើមានរឿងអ្វីកើតឡើង? វាគួរឱ្យខ្លាចខ្លាំងណាស់» ។ ក្រោយពីនាងបង្ហោះរូបភាពក្នុងបណ្តាញសង្គមមិនយូរប៉ុន្មាន ក៏ផ្ទុះការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គម និងមានចំនួនចូលមើលរូបភាពរបស់នាង រហូតដល់ជាង៥ម៉ឺនលើកក្នុងរយៈពេលដ៏ខ្លី ។ មនុស្សភាគច្រើនជឿថា វាជាប្រផ្នូលប្រាប់ពីហេតុការណ៍អាក្រក់ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដី ។
អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «តៃវ៉ាន់នឹងកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរ» ។ មនុស្សម្នាក់ទៀតថា ៖ «ខ្ញុំធ្លាប់បានអានអត្ថបទផ្សព្វផ្សាយក្នុងអ៊ីនធើរណេតថា ជន្លេននឹងបម្លាស់ទីទៅក្បែរតំបន់រំញ័រខ្លាំង» ។
មនុស្សផ្សេងទៀតថា ៖ «ពេលរញ្ជួយដីធ្ងន់ធ្ងរកន្លងមក នៅសួនកុមារទាំងអស់ពោរពេញទៅដោយជន្លេន» ។ ចំណែកមតិខ្លះទៀតនិយាយថា ជន្លេនបម្លាស់ទីទាំងនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ទើបពួកវាឡើងពីដីព្រមៗគ្នា ។
កាលពីឆ្នាំ២០២២ ការិយាល័យឧតុនិយមតៃវ៉ាន់ ធ្លាប់បានផ្សព្វផ្សាយឯកសារមួយថា បើទោះជាមនុស្សមួយចំនួនជឿថា ជន្លេនពាក់ព័ន្ធនឹងគ្រោះរញ្ជួយដី ឬជាមូលហេតុបណ្តាលឱ្យកើតគ្រោះធម្មជាតិ ប៉ុន្តែបើតាមទិន្នន័យ និងការស្រាវជ្រាវដោយអ្នកជំនាញបង្ហាញថា ការបម្លាស់ទីរបស់ជន្លេន ពុំពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីទេ ។
មន្ត្រីឧតុនិយមបញ្ជាក់ថា តាមធម្មតា ជន្លេនជាច្រើនក្បាលតែងតែចេញពីក្នុងដីនៅពេលយប់ ឬពេលព្រឹក ពីព្រោះគឺជាពេលអាកាសធាតុត្រជាក់ជាងពេលណាៗទាំងអស់ ។ ម្យ៉ាងទៀត ពេលយប់ ឬពេលព្រឹកមានទឹកសន្សើមច្រើន ៕