ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានជំរុញឱ្យរៀបចំពិធីបុណ្យ «Thailand Winter Festivals» នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក មកកម្សាន្តប្រទេសថៃក្នុងរដូវរងា ។ ពិធីបុណ្យនេះនឹងរៀបចំពិធីបណ្តែតប្រទីប, បង្ហោះគោម, គ្រីស្តម៉ាស និងឆ្លងឆ្នាំ ។.png)
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ សង្ឃឹមថា ការរៀបចំពិធីបុណ្យ «Thailand Winter Festivals» នឹងជួយជំរុញវិស័យទេសចរណ៍ថៃ និងលើកកម្ពស់ Soft Power ។ ដោយឡែក នៅល្ងាចថ្ងៃទី២៩ ខែតុលា លោកស្រីនឹងប្រកាសបើកពិធីបុណ្យ Diwali ដើម្បីពង្រឹងទំនាក់ទំនងរវាងថៃ និងឥណ្ឌា ។
លោក Jirayu Huangsap មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីនិយាយថា នៅថ្ងៃទី២៩ ខែតុលា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ នឹងធ្វើជាប្រធានបើកពិធីបុណ្យដើម្បីជំរុញដំណើរកម្សាន្តក្នុងប្រទេស និងជំរុញ Soft Power តាមរយៈការរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍គ្រប់រូបភាព ។ ពិធីបុណ្យនេះមានគោលដៅជំរុញសេដ្ឋកិច្ច, ទទួលចំណូលពីផ្នែកទេសចរណ៍, ជំរុញថៃឱ្យក្លាយជាគោលដៅទេសចរណ៍ និងកន្លែងរៀបចំពិធីបុណ្យលំដាប់ពិភពលោក ។.png)
ពិធីបុណ្យនេះជាការអនុវត្តគោលនយោបាយរបស់រដ្ឋាបាល ដើម្បីឱ្យភ្ញៀវទេសចរមកលេងថៃច្រើនបំផុត ហើយភ្ញៀវទេសចរនឹងសប្បាយរីករាយជាមួយកម្មវិធីជាច្រើន ដែលថៃនឹងរៀបចំនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ។ ស្ថាប័នរដ្ឋ និងផ្នែកឯកជន នឹងសហការគ្នារៀបចំកម្មវិធីជាច្រើន ដូចជា ៖ ពិធីបណ្តែតប្រទីប, បង្ហោះគោម, គ្រិស្តម៉ាស, ឆ្លងឆ្នាំ, ប្រគំតន្ត្រី, កីឡា, ម្ហូបអាហារ និងការបង្ហាញវប្បធម៌ ។
វាជាពេលវេលាដ៏សំខាន់ដែលប្រទេសថៃអាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក មកលេងប្រទេសថៃ ហើយរដ្ឋាភិបាលថៃសង្ឃឹមថា ពិធីបុណ្យ Thailand Winter Festivals នឹងជួយឱ្យក្រុមហ៊ុនទេសចរណ៍ថៃមានសកម្មភាពរស់រវើក ។
លោក Jirayu បន្តថា នៅល្ងាចថ្ងៃទី២៩ ខែតុលា នាយករដ្ឋមន្ត្រីថៃនឹងប្រកាសបើកពិធីបុណ្យ «Amazing Thailand Diwali Festival Bangkok 2024» នៅទីក្រុងបាងកក ដើម្បីជំរុញវិស័យទេសចរណ៍ ក៏ដូចជារពង្រឹងទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងថៃ និងឥណ្ឌា ។ ក្រៅពីនេះ ភ្ញៀវទេសចរអាចចូលរួមបរិភោគអាហារឥណ្ឌា, ទិញទំនិញឥណ្ឌា និងសម្ភារៈតុបតែងបង្ហាញពីសិល្បៈឥណ្ឌា ៕










