ជាមួយការសូមទោសតាមវីដេអូ តាមឆាត មិនអស់ចិត្តពេលនេះ តាប៊ុយ បានផ្ញើកន្រ្តកផ្កាសូមទោស ទៅកាន់ សុភ័ក្រ កុសុម៉ា ម្តងទៀត។ ចំណែក កុសុម៉ា ថានាងមិនប្រកាន់ទោសអូសដំណើរ តាប៊ុយ នោះទេ ខណៈថា តាប៊ុយ គឺជាអ្នកមានគុណនាងម្នាក់ធ្វើឱ្យនាងមានថ្ងៃនេះនិងបានស្នើសុំឱ្យសាធារណជនលើកលែងទោសដល់ តាប៊ុយ។
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ពាក្យសម្តីលេងសើចជ្រុលទៅកាន់ពិធីការិនី សុភ័ក្រ កុសុម៉ា និងគូដណ្តឹង បង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយ តាប៊ុយ បានរងនូវមតិរិះគន់ពីអ្នកសិល្បៈនិងមហាជនយ៉ាងចាស់ដៃ។ ក្រោយមកលោកបានចេញវីដេអូសូមទោស ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការបានកាន់តែមានការរិះគន់ថែមទៀតត្រង់ពាក្យថា ខ្លួនជាមនុស្សនិយាយត្រង់មិនចេះបញ្ឆិតបញ្ឆៀង និងបានឆាតទៅសូមទោសទៀត។

មិនទាន់អស់នោះទេ តាប៊ុយ បានផ្ញើកន្រ្តកផ្កាសូមទោស កុសុម៉ា ម្តងទៀតជាមួយនឹងពាក្យពេចន៍មួយដោយ កុសុម៉ា បានបង្ហោះនៅថ្ងៃទី២៤ តុលា។ ជាមួយកន្រ្តកផ្កា ក្នុងនោះក៏មានសំណេរការសូមទោសរបស់ តាប៊ុយ ដែលមានអត្ថន័យថា «ទៅកាន់កុសុម៉ា ៖ សូមទោសម្តងទៀតសម្រាប់រឿង FB សូមទទួលយកផ្កានេះដែលជាការសូមទោសផង សូមឱ្យផ្កានេះនាំសំណាងដល់អ្នក អនាគតស្វាមី និងក្រុមគ្រួសារទាំងមូលនៅសេចក្តីសុខ សុភមង្គល លុយកាក់និងប្រជាប្រិយ ពិសេសជួបរឿងល្អៗក្នុងជីវិត។ សូមទោសជាថ្មីម្តងទៀត និងអបអរសាទរដល់គូស្វាមីភរិយាថ្មី ។ (តាប៊ុយ)»។
ការដឹងកំហុសរបស់ តាប៊ុយ ជាមួយនឹងផ្កានេះ កុសុម៉ា បានលើកឡើងថា នាងមិនយកទោសអូសដំណើររបស់ តាប៊ុយ នោះទេ។
កុសុម៉ា បានបង្ហោះថា «ជាដំបូងនាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនមិត្តភក្តិ និងបងប្អូនសិល្បករទាំងអស់ សម្រាប់ការបារម្ភពួកខ្ញុំទាំងពីរ យើងខ្ញុំពិតជាសូមអរគុណមែនទែនសម្រាប់ការស្រលាញ់និងផ្តល់ក្តីស្រលាញ់ចំពោះយើងខ្ញុំទាំងពីរ។ ការពិតទៅមកដល់ពេលនេះនាងខ្ញុំក៏មិនបានប្រកាន់ទោសអូសដំណើរជាមួយបងប្រុស តាប៊ុយ ដែរព្រោះថាគាត់ក៏ជាអ្នកមានគុណរបស់ខ្ញុំមួយរូប ដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ។ ហើយមួយវិញទៀតគាត់ក៏បានសូមទោសនាងខ្ញុំរួចរាល់ផងដែរ ដូច្នេះសង្ឃឹមថាបងប្អូនយោគយល់អធ្យាស្រ័យនិងលើកលែងកំហុសរបស់គាត់ផង»។
គួរបញ្ជាក់ថា តាប៊ុយ បាននិយាយលេងសើចដាក់ សុភ័ក្រ កុសុម៉ា និងគូដណ្តឹងថា កូនកំលោះសន្សំលុយមិនគ្រប់តែកូនក្រមុំថែមលុយការប្តី។ ពាក្យសម្តីនេះបានធ្វើឱ្យ កុសុម៉ា ប្រតិកម្មថាជាការលេងសើចបែបមិនឱ្យតម្លៃនាងនិងអនាគតស្វាមីនិងបន្ទាបតម្លៃស្រ្តី៕