ប្រទេសអូស្ត្រាលី ៖ ឆ្នេរសមុទ្រជាច្រើនកន្លែងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ព្រមទាំងឆ្នេរសមុទ្រ Bondi ដ៏ល្បីល្បាញលើពិភពលោក ត្រូវបានអាជ្ញាធរបិទពុំអនុញ្ញាតឱ្យភ្ញៀវទេសចរចុះលេងទឹកជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោយពីប្រទះឃើញដីឥដ្ឋតូចៗ និងកាកសំណល់យ៉ាងច្រើននៅឆ្នេរសមុទ្រទាំងនេះ ។.png)
សារព័ត៌មានរ៉យទ័ររាយការណ៍ថា អភិបាលក្រុង Waverley ប្រកាសថា បានបញ្ជាឱ្យបិទឆ្នេរសមុទ្រ Bondi, ឆ្នេរសមុទ្រ Bronte និងឆ្នេរសមុទ្រ Tamarama ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងភ្ញៀវទេសចរ ។ ដូចគ្នានេះ អភិបាលក្រុង Randwick ក៏បានបញ្ជាឱ្យបិទឆ្នេរសមុទ្រ៤កន្លែងទៀតស្ថិតនៅភាគខាងត្បូងផងដែរ ដោយសារបារម្ភពីគ្រោះថ្នាក់ផ្សេងៗ ។.png)
លោក Will Nemesh អភិបាលក្រុង Waverley ថ្លែងថា ៖ «យើងបានយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរបរទេសខ្លាំងបំផុត ទើបយើងសម្រេចចិត្តបិទឆ្នេរសមុទ្រជាបណ្តោះអាសន្នសិន ដើម្បីការពារគ្រោះថ្នាក់ដោយសារដីឥដ្ឋតូចៗទាំងនេះ» ។.png)
បើតាមលទ្ធផលការត្រួតពិនិត្យជំហ៊ានដំបូងបញ្ជាក់ថា នៅឆ្នេរសមុទ្រជាច្រើនរបស់អូស្ត្រាលីមានដីឥដ្ឋតូចៗពណ៌ខ្មៅ (ឬហៅថា Tar Balls) ត្រូវបានទឹករលកបោកបក់មកលើវាលខ្សាច់ ព្រមទាំងមានប្រេងឥន្ធនៈ និងកាកសំណង់ជាច្រើនទៀត ។ ហេតុនេះ អាជ្ញាធរអូស្ត្រាលីបារម្ភថា កាកសំណល់ទាំងនេះអាចបណ្តាលឱ្យភ្ញៀវទេសចរមានគ្រោះថ្នាក់ ។
ពលរដ្ឋអូស្ត្រាលីដែលរស់នៅបរិវេណឆ្នេរសមុទ្រ Coogee ដែលត្រូវបានអភិបាលក្រុងបញ្ជាឱ្យបិទដែរនោះ និយាយថា អ្នកស្រុកកំពុងរងផលប៉ះពាល់ដោយសារជាតិពុលផ្សេងៗ ដូចជា ៖ ជាតិពុលលើបរិយាកាស, ជាតិពុលចេញពីនាវា និងផ្លាស្ទិក ហើយឆ្នេរសមុទ្ររបស់យើងនឹងរងផលប៉ះពាល់ដោយសារជាតិពុលទាំងនេះ គឺដូចគ្នានឹងឆ្នេរសមុទ្រផ្សេងទៀតលើពិភពលោក ។.png)
ចំណែកភ្នាក់ងារការពារបរិស្ថាននៅរដ្ឋ New South Wales បានយកដីឥដ្ឋតូចៗនៅលើឆ្នេរសមុទ្រទៅត្រួតពិនិត្យដើម្បីបញ្ជាក់ថា តើវាជាអ្វីឱ្យប្រាកដ ។ ក្រៅពីនេះ អាជ្ញាធរអូស្ត្រាលីបានសំណូមពរទៅកាន់ពលរដ្ឋទាំងអស់ហាមចុះហែលទឹកក្បែរដីឥដ្ឋ ឬចាប់វាដាច់ខាត ដើម្បីកុំឱ្យមានគ្រោះថ្នាក់ ។
គួរបញ្ជាក់ថា ទីក្រុងស៊ីដនីរបស់អូស្ត្រាលី មានឆ្នេរសមុទ្ររហូតដល់ជាង១០០កន្លែងនៅបរិវេណឈូងសមុទ្រ និងមាត់សមុទ្រ ។ ឆ្នេរសមុទ្រទាំងនេះជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងបានទាក់ទាញភ្ញៀវទសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរមកកម្សាន្តរាប់លាននាក់ក្នុង១ឆ្នាំៗ ៕










