ប្រទេសចិន ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិននឹងចាប់ផ្តើមនាំចូលបង្កងពីអូស្ត្រាលីម្តងទៀតនៅចុងឆ្នាំ២០២៤ ។ នេះបញ្ជាក់ថា វាជាសញ្ញាល្អមួយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ក្រោយពីប្រទេសទាំងពីរនេះមានភាពតានតឹងជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថ្លែងថា លោក និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាពាក់ព័ន្ធនឹងពាណិជ្ជកម្មទ្វេភាគី កាលពីថ្ងៃទី១០ ខែតុលា កន្លងមក ក្នុងជំនួបក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។.png)
កិច្ចព្រមព្រៀងខាងលើ គឺជាការបញ្ចប់ភាពតានតឹងផ្នែកការទូតរវាងប្រទេសអូស្ត្រាលី និងចិន ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ។ ភាពតានតឹងបានធ្វើឱ្យអូស្ត្រាលីបាត់បង់ប្រាក់ចំណូលផ្នែកនាំចេញបង្កងទៅកាន់ទីផ្សារចិន ដែលស្មើទឹកប្រាក់រាប់លានដុល្លារអាមេរិក ។.png)
មុនពេលប្រកាសចុះកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី ប្រទេសចិនបានលុបចោលការរឹតបន្តឹងផ្សេងៗពាក់ព័ន្ធនឹងការនាំចូលបង្កងពីអូស្ត្រាលី ។ ហេតុនេះ អ្នកជំនាញគិតថា វាជាសញ្ញាល្អមួយសម្រាប់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។
ចំណែកក្រសួងការបរទេសចិនពុំបានធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការដកបម្រាមនាំចូលទំនិញពីអូស្ត្រាលីទេ ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងការបរទេសចិននិយាយថា ចិននឹងចាប់ផ្តើមសហការជាមួយអូស្ត្រាលីឡើងវិញ ដើម្បីដោះស្រាយបញ្ហានានាដែលប្រទេសទាំងពីរបារម្ភតាមរយៈការចរចា ។
គួរបញ្ជាក់ថា ចិនបានចាប់ផ្តើមហាមនាំចូល និងដំឡើងពន្ធនាំចូលខ្ពស់សម្រាប់ទំនិញជាច្រើនប្រភេទមកពីអូស្ត្រាលី រួមមាន ៖ ធ្យូងថ្ម, ស្រាទំពាំងបាយជូរ និងបង្កង តាំងពីចុងឆ្នាំ២០២០ មកម៉្លេះ ។ ការប្រកាសហាមនាំចូលទំនិញពីអូស្ត្រាលី ក្រោយពីទំនាក់ទំនងរបស់ចិន និងអូស្ត្រាលីមានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំ ហើយវាកាន់តែតានតឹងបំផុត ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ៕










