នៅថ្ងៃទី១៤ ខែតុលា សារព័ត៌មានតៃវ៉ាន់ «SETNEWS Network» បានរាយការណ៍ថា ព្រះនាង Jenna របស់ប្រទេសកម្ពុជា កំពុងពិចារណាទៅប្រទេសកូរ៉េ ដើម្បីបង្ហាញព្រះភក្ត្រជាតារា។ ព្រះនាង នរោត្តម ជេនណា មានព្រះជន្ម ១២ ព្រះវស្សា ជាតារាល្បីក្នុងឧស្សាហកម្មកម្សាន្ត ដោយត្រូវបានអញ្ជើញជាភ្ញៀវពិសេសក្នុងកម្មវិធីបង្ហាញម៉ូត និងការចាក់ផ្សាយរបស់ប្រទេសចិន។ ដោយដឹងពីជំនាញច្រៀង និងរាំដ៏ពិសេស ថ្មីៗនេះព័ត៌មានបានផ្សព្វផ្សាយថា ព្រះនាងមានគម្រោងយាងទៅប្រទេសកូរ៉េដើម្បីក្លាយជាសិក្ខាកាមដើម្បីក្លាយជាតារាលំដាប់ពិភពលោក។
របាយការណ៍បានបន្តថា «ព្រះនាងអាចមានព្រះបន្ទូលបាន៥ភាសារួមមាន បារាំង ខ្មែរ ថៃ ចិន និងអង់គ្លេស ហើយក៏ជាអ្នកគាំទ្រយ៉ាងខ្លាំងរបស់ K-pop ។ ព្រះនាង Jenna បានចូលប្រឡូកក្នុងវិស័យសិល្បៈជាផ្លូវការក្នុងអាជីពជាតារាសម្តែង និងជាតារាចម្រៀងក្នុងឆ្នាំ ២០១៨ ក្រោយមកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួននៅក្នុងពាណិជ្ជកម្ម និងរឿងភាគទូរទស្សន៍ផ្សេងៗ។
នៅឆ្នាំ ២០២២ ព្រះនាងបានចូលរួមជាមួយ KWAVE Entertainment ដែលជាទីភ្នាក់ងារកម្សាន្តកូរ៉េនៅកម្ពុជា ដើម្បីបង្ហាញខ្លួនជាតារាចម្រៀង K-pop កម្ពុជា។ ព្រះនាងបានចាប់ផ្តើមសកម្មភាពរបស់ទ្រង់ជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយបានចេញបទចម្រៀង «You Da One» ជាមួយតារាចម្រៀង BOBO ។
អំឡុងពេលទ្រង់បង្ហាញខ្លួនក្នុងកម្មវិធី “Global Korean” របស់ YTN កាលពីឆ្នាំមុន ព្រះនាងបានសព្វព្រះរាជហឬទ័យដោយមានបន្ទូលថា «ខ្ញុំចូលចិត្តអ្វីៗទាំងអស់អំពីចម្រៀង និងការរាំរបស់ K-pop ពេលដែលខ្ញុំឃើញពួកគេ។ នោះហើយជារបៀបដែលខ្ញុំចាប់ផ្តើមចាប់អារម្មណ៍នឹង K-pop» ។ ព្រះនាង នរោត្តម ជេនណា ជាព្រះរាជបុត្រីនរោត្តម បុប្ផារី និងជាអ្នកជំនួញជនជាតិបារាំង ហើយជាចៅទួតរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ។ 
គួរបញ្ជាក់ថា មិនត្រឹមតែបណ្តាញផ្សព្វផ្សាយតៃវ៉ាន់ ប៉ុណ្ណោះទេដែលបានចុះផ្សាយពីព្រះនាងតូច ជេនណា អាចនឹងក្លាយជាតារា Kpop ខណៈកាលពីមុនបណ្តាញផ្សព្វផ្សាយជាច្រើនចុះផ្សាយពីតារាកូរ៉េ ក៏បានចុះផ្សាយពីទ្រង់ដូចគ្នា។ ចុងក្រោយមកនេះ ព្រះនាងតូច ជេនណា បានលេចព្រះភ័ក្ត្រផ្សព្វផ្សាយវប្បធម៌ខ្មែរជាច្រើនក្នុងកម្មវិធីទូរទស្សន៍របស់ចិនផងដែរ៕










