បញ្ហាចម្រូងចម្រាស MGI និង MGC នៅមិនទាន់រលត់ទាំងស្រុងនោះទេនៅលើបណ្តាញសង្គមចេះតែមានប្រធានបទពីមួយទៅមួយ។ បើក្រឡេកមកកាន់តារាសម្តែង ឆឹម សក្កដា វិញក៏មិននៅស្ងៀមចេញមកឈឺឆ្អាលចំពោះបញ្ហានេះដូចគ្នានិងបានលើកឡើងដែរថា ខ្មែរចូលចិត្តរាប់ញាតិរួសរាយណាស់ទាល់តែគេប៉ះមុនទើបតបត។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ឆឹម សក្កដា គូដណ្តឹងតារាចម្រៀង ពេជ្រ សោភា បានចេញមកបង្ហោះសំណេរថា «មិនបាច់មកហាមខ្មែរមិនឱ្យទៅស្អប់ជាតិសាសន៍ដទៃណាមួយទេ ព្រោះខ្មែរមិនដែលនៅសុខៗទៅស្អប់នរណាមុន ធ្វើបាបនរណាមុន ឬដើរមើលងាយដៀមដាមគេដូចជាតិសាសន៍នោះដែរ! ខ្មែរចូលចិត្តរាប់ញាតិណាស់ រួសរាយណាស់ ទាល់តែគេប៉ះមុនទើបតបត»។ លោកថា «នេះគឺជាខ្មែរ! កូនចៅគេវង្វេងវប្បធម៌ ព្រោះជាតិគេបង្រៀនបែបហ្នឹង។ សាកយើងហ៊ានតែច្រឡំអីបន្តិចមើលខាងក្រសួងយើង ឬរដ្ឋាភិបាលចេញមកហាម ឬពន្យស់ប្រជាជនភ្លាម ព្រោះខ្មែរមិនដែលចង់បានរបស់នរណាទេ ហើយក៏មិនឱ្យកូនចៅច្រឡំដែរ។ តែដែលឃើញគេចេញហាមប្រជាជនគេកុំឱ្យវង្វេងទេ??? មានតែលួចបានយកទៅចុះយូនីស្កូបាត់»។

តារាសម្តែងរូបនេះបន្តទៀតថា «បើបែបនេះ តើវាជារឿងបុគ្គល និងបុគ្គល ស្ថាប័ន និង ស្ថាប័ន ឬប្រទេស និង ប្រទេស??? ចូរពិចារណាតាមការគួរ! ប្រទេសស៊ីវីល័យ តែបើប្រជាជនដើរមើលងាយប្រទេសដែលទាបជាងខ្លួនបែបនេះ កុំគិតថាអ្នកថ្លៃថ្នូរឱ្យសោះ!»។
គួរឱ្យដឹងថា លោក ឆឹម សក្កដា កាលពីកន្លងមកថ្មីៗនេះបានចេញបទ« Welcome To Cambodia »ជាវីដេអូចម្រៀងរួមចំណែកចូលរួមផ្សព្វផ្សាយដើម្បីសិល្បៈវប្បធម៌ខ្មែរ និងជំរុញវិស័យទេសចរណ៍កម្ពុជាផងដែរ៕










