ផ្ទុះភាពចម្រូងចម្រាសកម្មវិធី Miss Grand International មិនឱ្យតម្លៃភាគីកម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះត្រូវបញ្ឈប់ពាក់កណ្តាលទីបានធ្វើឱ្យមានភាពតាងតឹងយ៉ាងខ្លាំង។ ការបំភ្លៃការពិត ជំរុញឱ្យបវរកញ្ញាធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីនេះបានសម្រេចចិត្តមិនប្រើ Tittle កម្មវិធីទៀតនោះទេក្នុងនោះរួមមាន ប៊ី សុធារី ភឹម ស្រីនោ រួមទាំង ម៉ាច ដាវី ជាដើម។
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ កញ្ញា ម៉ាច ដាវី លំដាប់រងទី៣ Miss Grand Cambodia 2024 បានបង្ហោះថា «នាងខ្ញុំសុំលុបឈ្មោះជា Miss Grand Cambodia 3 Runner Up ចេញពីផេករបស់នាងខ្ញុំចាប់ពីពេលនេះតទៅ! នាងខ្ញុំមិនត្រូវការ Tittle កម្មវិធីមួយនេះទៀតទេ! នាងខ្ញុំសង្ឃឹមថា បងប្អូននិងអ្នកគាំទ្រគ្រប់គ្នាយោគយល់និងពេញចិត្តជាមួយការសម្រេចចិត្តរបស់នាងខ្ញុំនេះ បងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នាសូមស្រលាញ់គាំទ្រកម្ពុជា»។

ម៉ាច ដាវី ក៏បានលើកឡើងដែរថា «ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូប ពិតជាមិនអាចទទួលយកបាននៅទង្វើបែបនេះមកកាន់ប្រជាជាតិនិងប្រទេសរបស់នាងខ្ញុំ! នាងខ្ញុំជឿជាក់លើភាពស្មោះត្រង់ និងទឹកចិត្តដ៏ល្អប្រពៃរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា! សេចក្ដីល្អតែងតែឈ្នះសេចក្ដីអាក្រក់ យុត្តិធម៌ត្រូវតែមានសម្រាប់ប្រទេសនិងប្រជាជាតិកម្ពុជារបស់យើង!»។
ងាកទៅកាន់ ភឹម ស្រីនោ ដែលជា Miss Grand Cambodia 2023 វិញក៏សម្រេចចិត្តដកឈ្មោះជាម្ចាស់ជ័យលាភីក្នុងកម្មវិធីនេះដូចគ្នា ស្របពេលដែល ភឹម ស្រីនោ ចាប់ផ្តើមតាំងពីថ្ងៃកើតហេតុមកបានចេញមកឈឺឆ្អើលយ៉ាងច្រើន។
ចំណែកឯ ប៊ី សុធារី ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជាមិនត្រឹមតែសម្រេចចិត្តបោះបង់ចោលការប្រកួតនៅប្រទេសថៃប៉ុណ្ណោះទេនាងក៏សម្រេចចិត្តលុប Tittle ជា Miss Grand Cambodia 2024 ដូចគ្នាទាំងនៅលើបណ្តាញសង្គមហ្វេកប៊ុកនិងអ៊ីនស្តា្រក្រាម។
គួរឱ្យដឹងថាឈានចូលថ្ងៃទី៧ តុលា ស្ថាប័ន Miss Grand International បានចេញសេចក្តីប្រកាសថាការរៀបចំនៅប្រទេសកម្ពុជាជាសហម្ចាស់ផ្ទះជាមួយភាគីថៃដោយសារតែមិនអាចបំពេញតម្រូវការដូចមានចែងនៅក្នុងកិច្ចសន្យាមិនអាចផ្តល់សេវាកម្មស្របតាមស្តង់ដាររបស់ស្ថាប័នបាន។ កម្មវិធីនឹងរៀបចំនៅប្រទេសថៃវិញចាប់ពីថ្ងៃទី៧ ខែតុលា ទៅ។ ក្រោយមកស្ថាប័ន Miss Grand Cambodia ក្រោមការដឹកនាំរបស់លោកស្រី អ៊ឹម សុគន្ធា បានចេញសេចក្តីប្រកាសថាកម្ពុជាលែងមានអាជ្ញាប័ណ្ណជាមួយ Miss Grand International ដោយសារតែមិនគោរពម្ចាស់ផ្ទះមិនសហការជាមួយភាគីកម្ពុជា៕