ពេលយើងដើរផ្សារយើងតែងតែឃើញអ្នកលក់ជាច្រើនព្យួរសាច់គោឡើងខ្ពស់ៗ ខណៈសាច់ជ្រូកវិញគឺដាក់នៅលើតុទាបធម្មតា ចុះហេតុអ្វីបានជាគេធ្វើបែបនេះ តើការធ្វើបែបនេះអាចប៉ះពាល់ដល់គុណភាពសាច់ដែរឬទេ? ចុះមិចមិនព្យួរសាច់ជ្រូកឡើងខ្ពស់ដូចសាច់គោដែរទៅ? សម្រាប់ហេតុផលគឺគួរឱ្យភ្ញាក់ផ្អើលបំផុត។ នៅក្នុងអាហារប្រចាំថ្ងៃរបស់គ្រួសារនីមួយៗ ប្រភពប្រូតេអ៊ីនដែលមិនអាចខ្វះបានគឺសាច់ មិនថាសាច់គោ សាច់មាន់ សាច់ជ្រូក… ប្រភេទសាច់ទាំងនេះសុទ្ធតែអាចកែច្នៃតាមវិធីផ្សេងៗជាច្រើនមុខ ទៅជាម្ហូបឆ្ងាញ់ៗ។
ទោះយ៉ាងណាក៏ដោយ មានភាពខុសគ្នាជាមូលដ្ឋានរវាងសាច់គោ និងសាច់ជ្រូកពីរប្រភេទ ដែលមនុស្សតិចតួចណាស់បានដឹង។ សម្រាប់ហេតុផលដែលអ្នកលក់ច្រើនតែព្យួរសាច់គោឡើងខ្ពស់ៗគឺដោយសារទីមួយវាជួយសន្សំកន្លែងសម្រាប់ការលក់ ហើយទីពីរការព្យួរសាច់គោឡើងខ្ពស់ៗគឺអាចជួយឱ្យសាច់មានគុណភាពល្អ រសជាតិឆ្ងាញ់ និងមិនងាយខូចខាត។ ទោះជាយ៉ាងណាការព្យួរយូរពេកក៏វាអាចធ្វើឱ្យសាច់ងាយឆ្លងបាក់តេរីតិចតួចផងដែរ។


ចំណែកសាច់ជ្រូកវិញ មូលហេតុដែលអ្នកលក់ច្រើនតែដាក់នៅលើតុទាបធម្មតា មិនព្យួរដូចសាច់គោគឺដោយសារសាច់ជ្រូកជាប្រភេទសាច់ដែលទទួលទានលឿនជាង។ នេះបើយោងតាម Go Food Market បានសរសេរថា ការដាក់សាច់ជ្រូកដោយផ្ទាល់នៅលើតុនឹងជួយឱ្យអ្នកលក់ងាយស្រួល លក់ពួកវាឆាប់អស់ ហើយថែមទាំងអាចឱ្យអ្នកទិញវាយតម្លៃយ៉ាងសកម្ម និងជ្រើសរើសសាច់ដែលខ្លួនចង់បានទៀតផង។
ក្រៅពីនេះ សាច់ជ្រូកនៅពេលលក់នឹងមកជាមួយផ្នែកជាច្រើននៃជាតិខ្លាញ់ ដែលមានទីតាំងនៅតំបន់ផ្សេងៗគ្នាជាច្រើន។ ដូច្នេះហើយបើព្យួរទុកកន្លែងខ្ពស់ៗដូចសាច់គោ សោភ័ណភាពសាច់ជ្រូកនឹងមិនស្រស់ល្អនោះទេ ដែលនេះនឹងធ្វើឱ្យអថិជនមិនពេញចិត្ត ឬលក់មិនដាច់ជាដើម។ ដូច្នេះហើយសម្រាប់ហេតុផលខាងលើ យើងតែងតែឃើញមានភាពខុសគ្នាយ៉ាងច្បាស់នៅក្នុងតូបលក់សាច់គោ និងសាច់ជ្រូក។ ចំពោះតូបដែលលក់សាច់ទាំងពីរប្រភេទ ការព្យួរសាច់គោ និងដាក់តាំងសាច់ជ្រូកនៅលើតុទាបធម្មតាគឺតែងតែជាដំណោះស្រាយដ៏ល្អបំផុត៕