ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាបញ្ហាចម្រូងចម្រាសក្នុងការប្រកួត Miss Grand International នៅលើទឹកដីកម្ពុជាផ្ទុះកក្រើកយ៉ាងខ្លាំងរហូតទស្សនិកជនមួយចំនួនចង់ឱ្យខាងកម្ពុជាប្តឹងទៅតុលាការទាំងពីរប្រទេសដើម្បីទាមទារយុត្តិធម៌។ បើក្រឡេកមកមើលកញ្ញា ប៊ី សុធារី វិញជាបេក្ខភាពតំណាងកម្ពុជាវិញសម្រេចចិត្តដោយមានគោលជំហរច្បាស់លាស់មិនចេញទៅប្រកួតបន្តទៀតនោះទេ។ សុធារី ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដែរថានាងមិនបានខូចចិត្តដែលមិនបានទៅប្រកួត ប៉ុន្តែអ្វីដែលខូចចិត្តត្រូវគេមើលងាយទាំងប្រទេសថាអសុវត្ថិភាពទាំងមិនមែនជាការពិត។
តាមរយៈវីដេអូមួយដែលបង្ហោះចេញពីគណនីហ្វេកប៊ុក Vemean Mani ដែលជាក្រុមការងារមួយរូបនៅក្នុងកម្មវិធីបានដាក់ចំណងជើងថា «ត្រូវតែស្រលាញ់ប្រទេសខ្លួន និង ស្មោះនិងប្រទេសខ្លួន នេះហើយពាក្យថា ស្នេហាជាតិ Sotheary Bee»។ ក្នុងវីដេអូនេះគេបានឃើញជាង Make Up រូបនេះបានសួរសុខទុក្ខទៅកាន់ ប៊ី សុធារី ដែលមិនបានទៅប្រកួតដោយសារតែមានបញ្ហាជាមួយស្ថាប័ន MGI ។
ប៊ី សុធារី បាននិយាយថា នាងមិនអីនោះទេសម្រាប់ការមិនបានទៅប្រកួតប៉ុន្តែខូចចិត្តត្រូវគេមើលងាយជាពិសេសក្រុមការងារខិតខំប្រឹងអស់ពីសមត្ថភាពព្យាយាមទទួលគេយ៉ាងកក់ក្តៅបេក្ខភាពបានមើលឃើញពីការយកចិត្តទុកដាក់មើលថែ ខ្លួននាងធ្លាប់ទៅប្រកួតអន្តរជាតិផ្សេងទៀតគេអត់ដែលមានអ្នក Make Up ជួយនោះទេទាល់តែកម្មវិធីធំៗ ប៉ុន្តែយើងនៅចាំតាមជួយមើលថែតាំងពីក្បាលដល់ចុងជើងហើយមើលថែគ្រប់បេក្ខភាពទាំងអស់ឱ្យតម្លៃគ្រប់គ្នាទាំងក្រុមការងាររបស់គេ ប៉ុន្តែចុងក្រោយត្រូវគេមើលងាយ។
សុធារី បាននិយាយទៀតថា បើសួរថាអត់បានទៅប្រកួតអត់អីនោះទេគ្រាន់តែថាអីដែលខូចចិត្តត្រូវបានគេមើលងាយទាំងប្រទេសគេនិយាយថាយើងអសុវត្ថិភាពទាំងដែលការពិតវាជាការបំភ្លៃទាំងអស់មានទាំងព័ត្តុតាង។
បវរកញ្ញារូបនេះក៏បាននិយាយក្នុងវីដេអូផ្សេងទៀតចំពោះការសម្រេចចិត្តរបស់នាងមិនទៅប្រកួតនៅប្រទេសថៃថា «ខ្ញុំមិនមែនមក ដើម្បីតែខ្លួនឯង គឺខ្ញុំមកដើម្បីកម្ពុជា ប្រជាជនកម្ពុជា បើគេមិនផ្តល់តម្លៃ មើលងាយប្រទេសខ្ញុំ ប្រជាជនខ្ញុំ ខ្ញុំសុខចិត្តបោះបង់ដោយមិនសោកស្ដាយ»។
ទង្វើរបស់ ប៊ី សុធារី សុខចិត្តបោះបង់ចោលការប្រកួតនេះបានធ្វើឱ្យអ្នកគាំទ្រផ្ញើសេចក្តីស្រលាញ់យ៉ាងច្រើនទៅកាន់នាងនិងសង្ឃឹមថានាងនឹងអាចមានឱកាសតំណាងប្រទេសកម្ពុជាក្នុងកម្មវិធីបវរកញ្ញាផ្សេងទៀតនាថ្ងៃខាងមុខ៕