មិនឱ្យអ្នកគាំទ្រខកចិត្តនោះទេ កុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 គឺតែងរិះរកអ្វីដែលថ្មីៗសម្រាប់ការថតទោះបីជាកន្លែងខ្លះប្រឈមនឹងគ្រោះថ្នាក់ក្តី។ ជាក់ស្តែងថ្មីៗនេះ អេនណា បានធ្វើឱ្យមហាជនចាប់អារម្មណ៍ម្តងទៀតដែលផ្តល់គំនិតដោយលោក តាន់ គឹមសួរ ឱ្យនាងតែងតួជា ព្រះម៉ែធម្មជាតិ ក្រោមការតុបតែងគូររយៈពេល៧ម៉ោងដោយស្នាដៃឆ្នើមពីយុវជន វ៉ាត វ៉ាន់។
រូបភាពនិងវីដេអូរបស់ កុយ អេនណា ជាមួយនឹងក្រុមការងារថតពី Concept «ព្រះម៉ែធម្មជាតិ» របស់លោក តាន់ គឹមសួរ កំពុងឆក់យកបេះដូងពីទស្សនិកជនយ៉ាងខ្លាំង។ ក្នុងវីដេអូនៅពីក្រោយឈុតឆាកនៃការថតនេះ កុយ អេនណា ថាត្រូវចំណាយពេល៧ម៉ោងសម្រាប់ការគូរ សម្រាប់ការច្នៃទាំងអស់នេះឡើង នាងមិនអាចចុះចាញ់បានទេត្រូវតែថតឱ្យបាន។ អេនណា ថានាងពិតជាស្រលាញ់ស្នាដៃ វ៉ាត វ៉ាន់មែនទែន ដោយបានសរសើរថាលោកមានច្នៃប្រឌិតខ្លាំង ហើយទម្រង់ដែលតែងឱ្យនាងគឺពិតជាអស្ចារ្យមែនទែន។
ពីមួយដំណាក់កាលទៅមួយដំណាក់កាលនៃការតុបតែងខ្លួន ព្រះម៉ែធម្មជាតិ នេះគឺមានការផ្ចិតផ្ចង់ហើយនាងក៏សូមអភ័យទោសប្រសិនជាមានចំណុចណាមួយដែលមិនសមរម្យ។ សម្រាប់អត្ថន័យនៃឈុតមួយនេះ កុយ អេនណា បានបញ្ជាក់ថាគឺចង់ផ្តោតទៅលើស្រ្តីគឺជាមាតានៃពិភពលោក ឬឯស្រ្តីតុបតែងខ្លួនបែបនេះគឺជាមាតានៃធម្មជាតិ ទ្រផែនដីអមដោយធម្មជាតិពណ៌បៃតង ការបង្ហាញអំពីការឈឺចាប់ ការសោកស្តាយ សោកសង្រេងដល់មនុស្សមួយចំនួនតែងតែមានភាពលោភលន់ព្យាយាមប្រើគ្រប់វិធីដើម្បីបំផ្លាញធម្មជាតិដែលជាខ្យល់ដង្ហើមសម្រាប់ផែនដីទៅវិញ រូបភាពនេះគឺមានអត្ថន័យខ្លាំងដែលអាចបញ្ជាក់ឱ្យមនុស្សជាតិងាកមកគិតគូរខ្វល់ខ្វាយសម្បត្តិធនធានធម្មជាតិដែលកំពុងប្រឈមការបាត់បង់បន្តិចម្តងៗ៕