ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ដ្បិតថាការប្រកួតតំណាងប្រទេសរបស់នាងកន្លងផុតហើយក្តីប៉ុន្តែជាប្រជាប្រិយភាពនិងការប្រាស្រ័យទាក់ទងរវាងនាងនិងបវរកញ្ញាផ្សេងទៀតនៅតែផ្សាភ្ជាប់បានល្អ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាក្នុងទំនាក់ទំនងយើងត្រូវមានភាពក្លាហានប្រសិនជាជួបមនុស្សដែលយើងគិតថាត្រូវចិត្តហើយ។
នៅក្នុងថ្ងៃខួបកំណើតនិងការជួបជុំអ្នកគាំទ្ររបស់ខ្លួនកាលពីកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទទួលសំណួរមួយពីហ្វេនតើធ្វើដូចម្តេចទើបតែរក្សាទំនាក់ទំនងបានល្អទាំងទៅប្រកួតប៉ុន្តែត្រឡប់មកវិញបានទំនាក់ទំនងយ៉ាងល្អ?។ Miss Grand Cambodia 2022 បានផ្តល់ចម្លើយថា ហ្វេនៗបានដឹងថាហើយថាគ្រប់ពេលដែលនាងមានបញ្ហាគឺតែងតែនិយាយថានាងអត់រួសរាយ ខ្មើតជាដើម ប៉ុន្តែនៅក្នុងសមភូមិដែលយើងប្រកួតប្រយុទ្ធគ្នាគឺនាងតែងតែបានមិត្តភក្តិរហូតដូចជាកាលពីប្រកួត Miss World Miss Grand Cambodia 2022 ហើយការប្រកួតនៅស្រុកក្រៅគឺបានមិត្តភក្តិច្រើនថែមទាំងស្និទ្ធគ្នាទៀតដូចជាប្រទេសថៃ ប្រេស៊ីល មីយ៉ាន់ម៉ា ជប៉ុន ម៉ាឡេស៊ី អេក្ខាទ័រ និងជាច្រើនទៀត។
ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាអ្វីដែលខ្លួនអាចរក្សាទំនាក់ទំនងបានគឺនាងមានសេចក្តីក្លាហាន ពេលដែលនាងចង់និយាយជាមួយអ្នកណា ចង់រាប់អានអ្នកណាម្នាក់មានអារម្មណ៍ថាគេត្រូវជាមួយយើងគឺទៅនិយាយតែម្តងដោយមិនគិតថាគេមើលមកយើងយ៉ាងមិចនោះទេ។ បវរកញ្ញារូបនេះថា មានមនុស្សជាច្រើនដែលមិនបាននិយាយជាមួយ មិនបានរួសរាយរាក់ទាក់មិនមែនមានន័យថាស្អប់នោះទេ។ ជាឧទាហរណ៍ថាមនុស្សនៅថ្នាក់តែមួយមានអ្នកខ្លះយើងក៏ស្និទ្ធ អ្នកខ្លះក៏មិនស្និទ្ធវាជារឿងធម្មតា។ ហើយការរក្សាទំនាក់ទំនងបានគឺការយល់ពីគ្នាទៅវិញទៅមក ទោះបីជាប្រកួតដើម្បីតំណាងប្រទេសរៀងៗខ្លួនប៉ុន្តែអាចធ្វើជាមិត្តភក្តិគ្នាបានដោយរក្សាភាពវិជ្ជមាន ការប្រកួតមានរយៈពេលខ្លី ប៉ុន្តែការរាប់អានគឺអាចមួយជីវិត។
ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងទៀតថានាងមិនយកអ្វីមកដោះដូរជាមួយទំនាក់ទំនងជាដាច់ខាត បើគេល្អជាមួយនាង នាងនឹងល្អទៅគេវិញ បើគេមិនល្អគ្រាន់តែដើរចេញមិនចាំបាច់តបតអ្វីនោះទេ ដោយឱ្យហ្វេនៗរក្សាទំនាក់ទំនងដែលកំពុងតែមានព្រោះជីវិតមនុស្សម្នាក់ៗមិនទៀងនោះទេ៕