ការញ៉ាំអាហារពេលយប់គឺវាអាចប៉ះពាល់ដល់សុខភាពរាងកាយជាច្រើន ដែលអាចធ្វើឱ្យអ្នកចុកពោះ ឈឺក្បាល គេងមិនលក់ និងងាយឡើងទម្ងន់។ ទោះជាយ៉ាងណា ប្រសិនបើអ្នកញ៉ាំអាហារដូចខាងក្រោមនេះ គឺអ្នកមិនចាំបាច់ព្រួយបារម្ភថាធាត់នោះទេ ព្រោះអាហារទាំងនេះគឺល្អបំផុតសម្រាប់លោកអ្នកដែលមានបំណងសម្រកទម្ងន់ ទោះបីជាអ្នកញ៉ាំអាហារពេលយប់ទាំងនេះច្រើនយ៉ាងណាក៏ដោយ ក៏ទម្ងន់របស់អ្នកនៅឋេរដែរ។
១.ស៊ុត៖ ការទទួលទានស៊ុតស្ងោរ ឬជំហុយ នៅពេលយប់គឺជាជម្រើសដ៏ល្អបំផុត ដែលវាអាចផ្តល់ប្រូតេអ៊ីនដល់ទៅ ៦ ក្រាមឯណោះដល់រាងកាយ ដូច្នេះស៊ុតស្ងោរ ឬជំហុយគឺជាម៉ឺនុយល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ ទោះជាយ៉ាងណាអ្នកក៏គួរជៀសវាងស៊ុតចៀនផងដែរ ព្រោះវាអាចនឹងធ្វើឱ្យអ្នកឆាប់ឡើងកាឡូរីខ្ពស់។

២.ផ្លែឈើស្រស់ៗ៖ ការញ៉ាំផ្លែឈើស្រស់ៗដែលមិនសូវមានជាតិស្ករ អាចជួយឱ្យអ្នកគេងលក់ស្រួល ក៏ដូចជាជួយបំបាត់ការឃ្លានរបស់ផ្អែម រួមទាំងជួយបំពេញក្រពះ និងការពារកម្រិតជាតិស្ករក្នុងឈាមមិនឱ្យកើនឡើង។
៣.បន្លែស្រស់៖ ការបរិភោគបន្លែស្រស់ៗដូចជា ការ៉ុត ត្រសក់ ស្ពៃក្តោប ប៉េងប៉ោះ ឬសាឡាដបៃតង រួមជាមួយទឹកជ្រលក់ផ្សេងៗ អាចធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ មិនធ្ងន់ពោះ និងជួយសម្រួលក្នុងការបន្ទោរបង់។
៤.ទឹកដោះគោជូរ៖ ការផឹកទឹកដោះគោជូរនៅពេលយប់ អាចជួយការពារការទល់លាមកហើយសំខាន់បំផុត វាក៏ជាអាហារដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយឱ្យអ្នកគេងលក់ស្រួលផងដែរ៕