ជារៀងរាល់រដូវរងា នៅពេលដែលពន្លឺព្រះអាទិត្យប៉ះមុំខាងស្តាំ តំបន់វាលភក់នៃឧទ្យាន First Landing State Park ក្នុងរដ្ឋ Virginia ប្រទេសសហរដ្ឋអាមេរិក តែងតែលេចចេញជាពណ៌ឥន្ទធនូយ៉ាងស្រស់ស្អាតបំផុត ត្រូវបានគេហៅថាជា Rainbow Swamp។
Rainbow Swamp គឺជាព្រៃលិចទឹកដែលមានពណ៌ឥន្ទធនូដ៏អស្ចារ្យបំផុតក្នុងរដូវរងារ។ នៅក្រោមលក្ខខណ្ឌទាំងនេះ វាលភក់ក៏បានប្រែទៅជាពណ៌ឥន្ទធនូដ៏ធំសម្បើមមួយ អមដោយដើមឈើធំតូចជាច្រើនដុះជុំវិញនោះ ធ្វើឱ្យតំបន់នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកភ្ញៀវទេសចរជុំវិញពិភពលោក។
នៅរដូវក្តៅវាលភក់នៃឧទ្យាន First Landing State Park មិនមានពណ៌ឥន្ទធនូនោះទេ ប៉ុន្តែនៅពេលដល់រដូវរងារវិញ តំបន់ព្រៃលិចទឹកនេះក៏បានប្រែទៅជាពណ៌ឥន្ទធនូបង្កើតពន្លឺភ្លឺចែងចាំងយ៉ាងស្រស់ស្អាតបំផុតមិនធ្លាប់មាន។ មូលហេតុដែលតំបន់នេះមានពណ៌ឥន្ទធនូ គឺដោយសារឥទ្ធិពលឥន្ទធនូបានមកពីការរលួយនៃស្លឹកនៅក្នុងវាលភក់ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា។ អ្នកតំណាងឧទ្យានបាននិយាយថា “នៅរដូវស្លឹកឈើជ្រុះ ស្លឹកនឹងរលួយនៅក្នុងវាលភក់ ហើយកាកសំណល់នេះ នៅពេលដែលត្រូវពន្លឺព្រះអាទិត្យនៅមុំខាងស្តាំ ក៏បានបង្កើតទៅជាឥទ្ធិពលពណ៌ឥន្ទធនូនេះតែម្តង”។
លោក Jeff Ripple អតីតមគ្គុទ្ទេសក៍ដើរតាមវាលភក់នៅរដ្ឋផ្លរីដាបានប្រាប់ BBC កាលពីពេលថ្មីៗនេះថា ដំណើរការជីវសាស្រ្តនៅក្នុងដីដែលបណ្តាលមកពីបាក់តេរីដែលបំផ្លាញជាតិដែកក៏អាចរួមចំណែកដល់ឥទ្ធិពលឥន្ទធនូផងដែរ។ កាលណាវាលភក់មានអាយុកាលយូរ ឥទ្ធិពលកាន់តែខ្លាំង ដែលឥទ្ធិពលនេះត្រូវបានគេឃើញជាញឹកញាប់នៅក្នុងភក់តូចៗ។ Ripple ក៏បានបន្តទៀតថា “ចលនាដែលបណ្តាលមកពីចរន្ត ឬខ្យល់ក៏អាចបំផ្លាញភ្នាសឥន្ទធនូផងដែរ”។
គួរបញ្ជាក់ដែរថា First Landing State Park គឺជាកន្លែងដ៏ល្បីល្បាញបំផុតមួយនៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក។ ជាមួយនឹងផ្ទៃដីប្រហែល ១១.៧ លានម៉ែត្រការ៉េ ឧទ្យាននេះមានសកម្មភាពជាច្រើនសម្រាប់ភ្ញៀវទេសចរចូលរួម៕