ផលិតផលទាំងនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីគ្រប់រូបព្រោះវាជួយប្រឆាំងភាពចាស់ ការពារស្បែកពីផលប៉ះពាល់ផ្សេងៗ និងផ្តល់សំណើមដល់ស្បែកគ្រប់ពេលវេលា។ នេះបើយោងតាមគេហទំព័រ The Sun គ្រូពេទ្យជំនាញខាងសើស្បែក Amber Olson Rourke ដែលជាស្ថាបនិកម៉ាកផលិតផលថែរក្សាស្បែក និងដងខ្លួននៅសហរដ្ឋអាមេរិក បានចែករំលែកថា ប្រសិនបើស្ត្រីចង់បានសម្រស់ស្រស់ស្អាតបែបធម្មជាតិ និងក្មេងជាងវ័យ ផលិតផលទាំងបីមុខនេះគឺចាំបាច់បំផុតសម្រាប់អ្នក។
១.ហ្វូមលាងមុខ៖ ការដុសហ្វូមលាងមុខគឺជារឿងចាំបាច់បំផុតដែលអ្នកត្រូវសម្អាតជារៀងរាល់ថ្ងៃ ព្រោះវានឹងជួយការពារភាពចាស់មុនអាយុដែលបណ្តាលមកពីការបំពុល និងរ៉ាឌីកាល់សេរី។ អ្នកជំនាញពន្យល់ថា នៅពេលដែលអ្នកកាន់តែចាស់ សមត្ថភាពនៃស្បែករបស់អ្នកក្នុងការជម្រុះកោសិកានឹងថយចុះ ដូច្នេះការលាងសម្អាតមុខឱ្យបានត្រឹមត្រូវជាប្រចាំនឹងជំរុញការបង្កើតឡើងវិញនូវកោសិកា ក៏ដូចជានាំមកនូវស្បែកស្រស់ថ្លាជានិច្ច។
២.សេរ៉ូមវីតាមីន C៖ អ្នកជំនាញខាងស្បែក Rourke បាននិយាយថា វីតាមីន C គឺជាធាតុផ្សំដ៏មានប្រយោជន៍បំផុតនៅក្នុងផលិតផលថែរក្សាស្បែក ព្រោះវានឹងជួយ “ជួសជុលការខូចខាត” ដែលបានកើតឡើងរួចហើយ។ ហេតុនេះសេរ៉ូមវីតាមីន C នឹងជួយកាត់បន្ថយស្នាមជ្រួញ ចំណុចខ្មៅ និងស្បែករលុង យារធ្លាក់យ៉ាងមានប្រសិទ្ធភាពបំផុត។
៣.ឡេការពារកម្តៅថ្ងៃ៖ យោងតាមការស្រាវជ្រាវរបស់ Scripps Health “អ្នកដែលមិនប្រើឡេការពារកម្តៅថ្ងៃអាចមានហានិភ័យខ្ពស់នៃភាពចាស់មុនអាយុ ខណៈអ្នកដែលប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំទំនងជាមានសម្រស់ក្មេងជាងវ័យ”។ ដូច្នេះហើយអ្នកគួរតែជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានវិសាលគមទូលំទូលាយសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ព្រោះវាមានប្រសិទ្ធភាពការពារស្បែកពីផលប៉ះពាល់នៃកាំរស្មី UV។
លើសពីនេះអ្នកជំនាញ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផឹកទឹកឱ្យបានច្រើន និងការគេងឱ្យបានគ្រប់គ្រាន់ផងដែរ៖ “ការផឹកទឹកអាចរក្សាកោសិកាស្បែកឱ្យស ជួយកាត់បន្ថយភាពជ្រីវជ្រួញ និងសញ្ញានៃភាពចាស់។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ការពារស្បែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃរ៉ាឌីកាល់សេរីដែលបណ្តាលឱ្យមានភាពចាស់មុនអាយុផងដែរ” ។ ហើយការគេងគ្រប់គ្រាន់ ក៏អាចធ្វើឱ្យរាងកាយ ខួរក្បាល និងស្បែក បង្កើតឡើងវិញ និងមានភាពស្រស់ថ្លាជាងមុន។ បន្ថែមពីនេះការគេងក៏ជួយលំហូរឈាមកើនឡើង ដើម្បីផលិតខូឡាជែន និងអរម៉ូនលូតលាស់កាន់តែច្រើនទៀតផង៕