សណ្ឋាគារប្រណីតៗលំដាប់ផ្កាយគឺមានច្រើនណាស់នៅលើពិភពលោកយើងនេះ ទោះជាយ៉ាងណាយោងតាមអ្នកជំនាញមកពី The World’s 50best បានប្រកាសកាលពីថ្ងៃទី ១៧ ខែកញ្ញានៅក្នុងពិធីប្រគល់ពានរង្វាន់ផ្ទាល់នៅទីក្រុងឡុងដ៍ថា ពួកគេបានរកឃើញនិងចាត់ចំណាត់ថ្នាក់សណ្ឋាគារល្អបំផុតទាំង ៥០ របស់ពិភពលោកប្រចាំឆ្នាំ ២០២៤ ហើយ ដែលសណ្ឋាគារទាំងនោះមានគ្រប់លក្ខណៈដែលក្រុមហ៊ុនចង់បាន រួមទាំងមានសេវាកម្មល្អ រហ័សរហួន ស្តង់ដារអនាម័យខ្ពស់ ម្ហូបអាហារឆ្ងាញ់ និងជាច្រើនទៀត។ ទោះជាយ៉ាងណាថ្ងៃនេះយើងសុំលើកយកសណ្ឋាគារចំនួន ៥ ប៉ុណ្ណោះដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមសណ្ឋាគារ ៥០ នៅលើពិភពលោក។
១.Capella Bangkok៖ សណ្ឋាគារលំដាប់លេខមួយរបស់ពិភពលោកក្នុងឆ្នាំ ២០២៤ នេះគឺបានទៅលើ Capella Bangkok របស់ប្រទេសថៃ។ សណ្ឋាគារនេះមានទីតាំងល្អនៅមាត់ទន្លេចៅប្រាយ៉ា ដែលនាំមកនូវអារម្មណ៍ស្ងប់ស្ងាត់ និងបទពិសោធន៍ដ៏សម្បូរបែប។ សម្រាប់តម្លៃបន្ទប់ចាប់ផ្តើមពី ១,០០០$ ក្នុងមួយយប់ ហើយ Capella Bangkok ក៏ផ្តល់ជម្រើសកន្លែងស្នាក់នៅបែបវីឡាសម្រាប់អ្នកធ្វើដំណើរដែលចង់រីករាយជាមួយបទពិសោធន៍ដ៏ប្រណីតៗផងដែរ។
២. Passalacqua៖ រីឯចំណាត់ថ្នាក់លេខ ២ វិញគឺបានទៅលើសណ្ឋាគារ Passalacqua ប្រទេសអ៊ីតាលី ដែលមាន ២៤ បន្ទប់ ជាមួយនឹងរចនាបថបែប boutique ដែលបង្ហាញពីសិល្បៈហត្ថកម្មដ៏អស្ចារ្យរបស់អ៊ីតាលី។ សណ្ឋាគារនេះធ្លាប់ជាវីឡាសតវត្សទី ១៨ របស់ក្រុមអភិជនជាច្រើន ហើយសម្រាប់តម្លៃចាប់ផ្តើមពី ១,៣០០ ដុល្លារក្នុងមួយយប់។ .png)
៣.Rosewood Hong Kong៖ គឺជាសណ្ឋាគារដែលជាប់ចំណាត់ថ្នាក់លេខបីក្នុងបញ្ជីសណ្ឋាគារល្អបំផុតទាំង ៥០ របស់ពិភពលោក ដោយផ្តល់នូវទិដ្ឋភាពនៃ Victoria Harbor ដ៏ល្បីល្បាញ។ នៅក្នុងសណ្ឋាគារនេះបន្ទប់ទឹកគឺជាចំណុចដ៏លេចធ្លោបំផុត ដែលបង្ហាញពីភាពអស្ចារ្យថ្មម៉ាប និងកញ្ចក់ ផ្តល់ឱ្យវានូវអារម្មណ៍ដូចព្រះបរមរាជវាំង។ ទន្ទឹមនឹងនេះបន្ទប់គេងក៏ប្រើគ្រឿងសង្ហារឹមឈើប្រណីតៗបង្កើតការសំរាកលំហែយ៉ាងល្អបំផុត ហើយសម្រាប់តម្លៃចាប់ផ្តើមពី ៦៥០ ដុល្លារក្នុងមួយយប់។
៤. Cheval Blanc៖ ចំណាត់ថ្នាក់ទីបួនគឺជាសណ្ឋាគារដែលមានទីតាំងនៅទីក្រុងប៉ារីសជាប់នឹងស្ពាន Pont Neuf ដ៏ល្បីល្បាញរបស់ទីក្រុង។ សណ្ឋាគារ Cheval Blanc មានបន្ទប់ចំនួន ៧២ ពោរពេញដោយពន្លឺភ្លឺចែងចាំង ដោយនៅខាងក្រៅយើងអាចឃើញទិដ្ឋភាពនៃទន្លេ Seine ដ៏ស្រស់ស្អាត ក៏ដូចជាមានបន្ទប់ទឹកថ្មម៉ាប បន្ទប់ស្លៀកពាក់ឯកជន និងត្រូវបានផ្គត់ផ្គង់ដោយទឹកអប់ពី Maison Dior ទៀតផង។ ដូច្នេះសម្រាប់តម្លៃគឺចាប់ពី ៣,០០០ ដុល្លារក្នុងមួយយប់។.png)
៥.The Upper House៖ សណ្ឋាគារក្នុងទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់ទី ៥ ដែលបង្ហាញពីស្នាដៃសិល្បៈជាង ៤០០ ដែលរៀបចំនៅគ្រប់ទីកន្លែង ធ្វើឱ្យភ្ញៀវមានអារម្មណ៍សន្តិភាពនៅគ្រប់ជ្រុងទាំងអស់។ ស្នាដៃនេះត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ ចាប់ពីសេរ៉ាមិច រហូតដល់ចម្លាក់ថ្មម៉ាប ថ្មភក់ និងសំរិទ្ធ ហេតុនេះសម្រាប់តម្លៃចាប់ផ្តើមពី ៦៥០ ដុល្លារក្នុងមួយយប់៕










