ព្រឹត្តិការណ៍ Gumball 3000 ដែលបានធ្វើឲ្យកក្រើកទឹកដីអង្គរ កាលពីថ្ងៃ ១៦ ខែកញ្ញាបានបញ្ចប់ទៅដោយរលូន ខណៈក៏បានបន្សល់ទុកនូវអនុស្សាវរីយល្អៗក្នុងចំណោមអ្នកចូលរួមក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស។ បន្ថែមពីលើអនុស្សាវរីយល្អៗ កំណត់ត្រាជាប្រវត្តិសាស្រ្តថ្មីមួយទៀតពី Guinness World Record កំពុងតែកត់ត្រានៅលើទឹកដីអច្ឆរិយៈមួយនេះ។
យោងតាមប្រភពយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានគូសបញ្ជាក់ថា រថយន្តទំនើបៗ និងថ្លៃៗ រាប់រយគ្រឿងបានមកជួបជុំគ្នា នៅមុខប្រាសាទអង្គរវត្ត ក្រុង/ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្របពេលដែលគណៈកម្មាការ Guinness World Record កំពុងរាប់ចំនួនរថយន្តទំនើបៗនៅមុខអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក Guinness World Record «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក»។
ព្រឹត្តិការណ៍ Gumball 3000 ដែលប្រមូលផ្តុំដោយរថយន្តទំនើបៗរាប់រយគ្រឿង ក៏ដូចជាមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាល្បីៗ YouTuber Influencer លំដាប់ថ្នាក់អន្តរជាតិ និងសហគ្រិននានាមកពីជាង ៤០ ប្រទេស។ តាមរយៈព្រឹត្តិការណ៍នេះ ក្រៅពីមានការតាំងបង្ហាញរថយន្តទំនើបៗហើយ ក៏រួមមានទស្សនីយភាព ការបង្ហាញសិល្បៈរបាំបុរាណ ស្វាគមន៍ប្រតិភូ Gumball 3000 ដែលរៀបចំឡើងនៅខាងមុខប្រាសាទបាយ័នប្រកបដោយបរិកាសរីករាយនិងស្និតស្នាលបំផុត។ ជាមួយគ្នានោះ ដោយសង្កេតឃើញថាមានវត្តមានប្រជាពលរដ្ឋខ្មែរ និងជនបរទេសយ៉ាងច្រើនកុះករ ក៏បានមកចូលរួមសារទរព្រឹត្តិការណ៍នេះផងដែរ។
សូមជម្រាបថា តាមរយៈព្រឹត្តិការណ៍ Gumball 3000 កម្ពុជាពិតជាបានទាញយកផលប្រយោជន៍ជាច្រើន ដែលមានការទាំងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក ស្របពេលដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តថ្មីនៃ«ការតាំងពិរព័ណ៍រថយន្តទំនើបៗនៅមុខប្រាសាទអង្គរវត្ត សំណង់អច្ឆរិយៈខ្មែរ» ក៏កំពុងតែត្រូវបានកត់ត្រាទុកផងដែរ៕










