ប្រទេសមីយ៉ាន់ម៉ា ៖ ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា បានលិចទឹកខ្លាំងក្រោយពីភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងតាំងពីថ្ងៃទី៩ ខែកញ្ញា ហើយរហូតមកដល់ថ្ងៃទី១១ ខែកញ្ញា ទឹកលិចខ្លាំងដល់កម្ពស់៥ម៉ែត្រនៅតំបន់ខ្លះ ដោយសារឥទ្ធិពលខ្យល់ព្យុះ Yagi ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។

ទឹកជំនន់បានលិចដល់ដំបូលផ្ទះពលរដ្ឋរាប់រយខ្នងនៅទីក្រុងណៃពិដោ រីឯផ្ទះមួយចំនួនទៀតបានខូចខាត និងបាក់រលំដោយសារកម្លាំងទឹកហូរ ។ ពលរដ្ឋរាប់ពាន់នាក់ពុំអាចចាកចេញពីតំបន់ទឹកជំនន់បានទេ ហើយពួកគេបានអង្គុយលើដំបូលផ្ទះរបស់ខ្លួនរង់ចាំអាជ្ញាធរមកជួយសង្គ្រោះ ។
ពលរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍មកវិទ្យុបរទេសថា ពួកគេនៅជាប់លើដំបូលផ្ទះ ដោយសារទឹកជំនន់ហូរមកភ្លាមៗពុំអាចចាកចេញបាន ។ បើទោះជាពួកគេព្យាយាមទូរស័ព្ទប្រាប់អាជ្ញាធរឱ្យមកជួយសង្គ្រោះជាច្រើនលើកក្តី ប៉ុន្តែពុំឃើញអាជ្ញាធរមកជួយទេ ។
ដោយឡែក រដ្ឋឆាន ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ក៏រងគ្រោះដោយសារទឹកជំនន់ដូចគ្នាដែរ ហើយពលរដ្ឋរស់នៅរដ្ឋនេះគ្មានអគ្គិសនីប្រើប្រាស់ និងខ្វះការទំនាក់ទំនងជាមួយអាជ្ញាធរ ។
រីឯរដ្ឋកាឈីន ស្ថិតនៅភាគខាងត្បូងប្រទេសវិញ ទឹកទន្លេមឺយ បានហក់ឡើងខ្ពស់បណ្តាលឱ្យលិចផ្ទះពលរដ្ឋក្នុងទីក្រុងមីវវ៉ាឌី ដែលជាទីក្រុងជាយដែនរបស់មីយ៉ាន់ម៉ា តាំងពីថ្ងៃទី១០ ខែកញ្ញា កន្លងមក ។ ពលរដ្ឋនាំគ្នាជម្លៀសចេញពីផ្ទះទៅរស់នៅតាមវត្ត និងសាលារៀនបណ្តោះអាសន្ន ហើយជំហ៊ានដំបូង មានពលរដ្ឋប្រមាណ៥.០០០នាក់ បានរងគ្រោះដោយសារទឹកជំនន់ ។.png)
ក្រុមភ្នាក់ងារសង្គ្រោះដែលបានចុះជួយជនរងគ្រោះដោយសារទឹកជំនន់នៅទីក្រុងមីវវ៉ាឌី និយាយថា ទឹកបានកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ហើយហូរខ្លាំងបំផុត ដែលពួកគេពុំធ្លាប់ឃើញពីមុន នៅទីក្រុងមីវវ៉ាឌី ។ ដូចគ្នានេះ នៅតំបន់ទំនាប ទឹកបានលិចដល់ដំបូលផ្ទះ ហើយអាជ្ញាធរសន្និដ្ឋានថា ទឹកជំនន់នឹងលិចរហូតដល់តំបន់ដីសណ្តភាគខាងត្បូងប្រទេស ដោយសារទឹកបានហូរតាមទន្លេអ៊ីរ៉ាវ៉ាឌី ។
រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា វិទ្យុបរទេសពុំអាចទាក់ទងជាមួយភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីសាកសួរព័ត៌មានស្ថានការណ៍ទឹកជំនន់ និងការជួយសង្គ្រោះពលរដ្ឋនៅឡើយទេ ៕










