កំពង់ធំគឺជាខេត្តដែលមានផ្ទៃដីធំជាងគេទី ២ នៅក្នុងប្រទេសកម្ពុជាយើងបន្ទាប់ពីខេត្តមណ្ឌលគិរី។ ខេត្តកំពង់ធំមានទីតាំងស្ថិតនៅចំណុចកណ្តាលនៃប្រទេស និងមានចម្ងាយប្រមាណ ១៦៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញដោយចេញតាមបណ្តោយផ្លូវជាតិលេខ ៦ ឆ្លងកាត់ខេត្តពីរ គឺកណ្តាល និងខេត្តកំពង់ចាម។ បើនិយាយពីរមណីយដ្ឋាននៅក្នុងខេត្តមួយនេះវិញ កំពង់ធំមានរមណីយដ្ឋានបែបធម្មជាតិ ប្រវត្តិសាស្ត្រ និងសិប្បនិមិត្តជាច្រើនកន្លែងស្អាតមិនចាញ់ខេត្តដទៃទៀតឡើយ។ ខាងក្រោមនេះគឺជារមណីយដ្ឋានទេសចរណ៍ល្បីៗក្នុងខេត្តកំពង់ធំ ដែលអ្នកមិនគួររំលងក្នុងរដូវភ្ជុំបិណ្ឌនោះទេ៖
១.ភ្នំសន្ទុក៖ ភ្នំសន្ទុកស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ គឺជារមណីយដ្ឋានបែបធម្មជាតិ និងប្រវត្តិសាស្ត្រ។ និយាយពីភ្នំសន្ទុកគឺល្បីខ្លាំងណាស់ ដោយសារនៅទីនោះមានម្ហូបឆ្ងាញ់ៗជាច្រើនមុខ និងសម្បូរបែប ជាពិសេសគឺមាន់ដុតក្តៅៗតែម្តង ដែលល្បីស្ទើរពេញទាំងខេត្ត មាន់ដុតនៅទីនោះគឺឆ្ងាញ់ផ្អែមជាប់មាត់តែម្តង។ រីឯនៅលើភ្នំលោកអ្នកនឹងបានឃើញកន្លែងទម្លាក់កាក់ អាស្រមអ្នកតា ថ្មអណ្តែត រូបព្រះបាទជាន់ទុក និងមើលឃើញទេសភាពខៀវស្រងាត់ខ្យល់អាកាសបរិសុទ្ធជុំវិញបឹងទន្លេសាប។
២.ប្រាសាទសម្បូរព្រៃគុក៖ គឺជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំដែលសង់លើដីរាបស្មើមានទំហំ ៣ ០០០ ហិកតា។ ប្រាសាទដ៏ល្អឯកមួយនេះ មានសំណង់ប្រាសាទបុរាណជាច្រើនសាងសង់បែងចែកជាក្រុមៗ ដោយធ្វើឡើងអំពីឥដ្ឋខ្នាតធំ ថ្មភក់ ថ្មបាយក្រៀម និងហុំព័ទ្ធដោយព្រៃឈើធម្មជាតិធំៗដុះគ្របដណ្តប់យ៉ាងច្រើនក្រៃលែង ផ្តល់ជាម្លប់ដ៏ត្រជាក់ត្រឈឹមដល់ភ្ញៀវទេសចរ។
៣.ប្រាសាទគុកនគរ៖ រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទគុកនគរ ស្ថិតក្នុងភូមិត្រដក់ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាប្រាសាទដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទទន្លេបាទី ដែលបានស្ថាបនាឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី ១១ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។
៤.ស្ទឹងព្រៃប្រស់៖ គឺជាប្រភេទរមណីយដ្ឋានធម្មជាតិកែច្នៃដែលមានទីតាំង ស្ថិតនៅភូមិព្រៃព្រាល ឃុំព្រៃព្រាល ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅពេលរដូវវស្សាបឹងព្រៃប្រស់ មានផ្ទៃទឹកថ្លាឈ្វង់គួរឱ្យចង់ងូត ទេសភាពស្រស់ត្រកាល អមដោយខ្ចុះ លើមាត់ទឹកតំរៀបជាជួរៗ រួមជាមួយអាហារកម៉្មង់ឆ្ងាញ់ៗបែបស្រុកស្រែ តាមតម្រូវការដូចជា មាន់ដុត ត្រីដុត បុកល្ហុង ផ្លែឈើក្នុងស្រុកទៅតាមរដូវ និងភេសជ្ជៈគ្រប់ប្រភេទជាមួយសេវាកម្មរហ័សទាន់ចិត្ត។ និយាយរួមស្ទឹងព្រៃប្រស់ គឺជាកន្លែងដែលស័ក្ដិសមបំផុតសម្រាប់លំហែកាយជាលក្ខណៈក្រុមគ្រួសារ និងដំណើរកំសាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធជាប់មាត់បឹង។.png)
៥.ធ្នស់តាព្រំ៖ ក្នុងរដូវភ្ជុំបិណ្ឌ «ធ្នស់តាព្រំ» គឺកន្លែងទេសចរដ៏ពិសេសមួយដែលភ្ញៀវមិនគួររំលងឡើយ។ រមណីយដ្ឋានធ្នស់តាព្រំគឺជាតំបន់ធម្មជាតិ និងប្រវត្តិសាស្ត្រមួយ ស្ថិតនៅក្នុងព្រៃស្រោងស្ងាត់ជ្រងំ ដែលតំបន់នេះមានទីតាំងនៅ ភូមិស្វាយ ឃុំស្រោង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ពេលចូលទៅដល់តំបន់នោះ លោកអ្នកនឹងស្តាប់ឮសំឡេងសត្វបក្សាបក្សីយំ ទស្សនាសត្វស្លាបគ្រប់ប្រភេទ សម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ធម្មជាតិត្រជាក់ត្រឈឹម ក៏ដូចជាលេងទឹកហូរប៉ប្រះនឹងផ្ទាំងថ្មធំៗជាដើម៕










