ប្រទេសវៀតណាម ៖ ខ្យល់ព្យុះទីហ្វុង Yagi បានបោកបក់មកលើប្រទេសវៀតណាមបណ្តាលឱ្យពលរដ្ឋវៀតណាមស្លា.ប់ រហូតដល់ជិត១៣០នាក់, រងរបួ.ស, បាត់ខ្លួនជាច្រើននាក់ និងមនុស្សមួយចំនួនទៀតជាប់នៅលើដំបូលផ្ទះដោយសារទឹកជំនន់ ។ លើសពីនេះ សម្ភារៈក្នុងផ្ទះពលរដ្ឋជាច្រើនលិចទឹក ខណៈដើមឈើនៅតាមផ្លូវបាក់ និងដាច់ចរន្តអគ្គិសនី ។
កាលពីថ្ងៃទី១០ ខែកញ្ញា សារព័ត៌មាន BBC រាយការណ៍ថា ប្រទេសវៀតណាមបានជួបគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរ ក្រោយពីខ្យល់ព្យុះទីហ្វុង Yagi បោកបក់មកតំបន់ភាគខាងជើងប្រទេស ហើយបណ្តាលឱ្យពលរដ្ឋវៀតណាមស្លាប់យ៉ាងហោចណាស់ ចំនួន១២៧នាក់ និងបាត់ខ្លួន៥៤នាក់ទៀត ។
សារព័ត៌មានបរទេសរាយការណ៍បន្តថា ជនរងគ្រោះដោយសារទឹកជំនន់រាប់ពាន់នាក់នៅវៀតណាមបានជាប់នៅលើដំបូលផ្ទះពួកគេ ដែលស្ថិតនៅតាមបណ្តាខេត្តភាគខាងជើង ។ ជាមួយគ្នានេះ មនុស្សមួយចំនួនបានអំពាវនាវសុំឱ្យមានការជួយសង្គ្រោះជីវិតពួកគេក្នុងបណ្តាញសង្គម ។
អាជ្ញាធរវៀតណាមបារម្ភថា ចំនួនជនរងគ្រោះនឹងកើនឡើងបន្ថែមទៀត ដោយសារកម្រិតទឹកជំនន់កើនឡើងយ៉ាងខ្លាំង ។ រីឯអគារ និងផ្ទះសម្បែងត្រូវបានដីបាក់សង្កត់អស់ជាច្រើនកន្លែង និងបណ្តាលឱ្យមនុស្សមួយចំនួនជាប់នៅក្រោមគំនរបាក់បែក ។
Yagi គឺជាខ្យល់ព្យុះមានកម្លាំងខ្លាំងក្លាបំផុត ដែលបានបោកបក់មកលើប្រទេសវៀតណាម ក្នុងរយៈពេល៣០ឆ្នាំ កន្លងមក ។ ក្រៅពីខ្យល់ព្យុះនេះបានបំផ្លាញអគារ, លំនៅឋាន និងសម្លាប់ជីវិតមនុស្សជាច្រើននាក់នៅភាគខាងជើងវៀតណាម វាធ្វើឱ្យមនុស្សជាង១លាន៥សែននាក់ គ្មានអគ្គិសនីប្រើប្រាស់ ។
កន្លងមក មានសេចក្តីរាយការណ៍ថា តំបន់ជាច្រើននៅភាគខាងជើងប្រទេសវៀតណាម ក៏បានប្រឈមនឹងទឹកជំនន់ដែរ ព្រមទាំងតំបន់ខ្លះទៀតនៅខេត្តថាយវៀន និងខេត្តអៀនប៉ាយ បានលិចទឹកទាំងអស់ ។ រីឯនៅទីក្រុងហាណូយវិញ តំបន់ស្ថិតនៅតាមដងទន្លេក្រហម ក៏មានទឹកជំនន់ដែរ ។
អ្នកស្រី Phan Thi Thuyet អាយុ៥០ឆ្នាំ រស់នៅក្បែរទន្លេក្រហម និយាយថា អ្នកស្រីពុំធ្លាប់ឃើញទឹកជំនន់លិចខ្លាំងដល់ថ្នាក់នេះទេ ។ អ្នកស្រីប្រាប់ថា ៖ «ខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងអស់ហើយ ។ ខ្ញុំត្រូវជម្លៀសកូនចៅទៅកាន់ទីទួលខ្ពស់ដើម្បីឱ្យមានជីវិតរស់ ប៉ុន្តែយើងពុំអាចយកសម្ភារៈផ្សេងៗទៅជាមួយបានទេ ព្រោះវាលិចទឹកទាំងអស់» ។
គួរបញ្ជាក់ថា កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ ខ្យល់ព្យុះទីហ្វុង Yagi បានបោកបក់មកលើឆ្នេរសមុទ្រខេត្តក្វាងទុង ប្រទេសចិន ដែលបណ្តាលឱ្យស្ថានីយរថភ្លើង, នាវា, យន្តហោះដឹកអ្នកដំណើរ និងសាលារៀនផ្អាកដំណើរការជាបណ្តោះអាសន្ន ហើយអាជ្ញាធរចិនជួយគ្នាជម្លៀសពលរដ្ឋទៅកាន់ជម្រកបណ្តោះអាសន្ន ៕










